​(ភ្នំពេញ)៖ ក្រុមហ៊ុន Sabara Best Food ដែលជាក្រុមហ៊ុយនផលិតគ្រឿងទេស បានប្រារព្ធកម្មវិធីអបអរគម្រប់ខួបពីរឆ្នាំ និងសម្ពោធដាក់លក់ជាផ្លូវការនូវផលិតផលថ្មីចំនួន៧មុខ បន្ទាប់ពីទទួលបានភាពជោគជ័យនៅលើទីផ្សារទាំងក្នុងស្រុក និងបណ្តាប្រទេសមួយចំនួន​។

ពិធីនេះបានរៀបចំឡើងកាលពីល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅផ្សារទំនើបអ៊ីអន ម៉ល សែនសុខ ក្រោមវត្តមាន លោកបណ្ឌិត តាន់ មុនីវណ្ណ ស្ថាបនិក ក្រុមហ៊ុន Lotus F&B និងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងបណ្តាអ្នកតំណាងដៃគូសហការ ក៏ដូចជាមេចុងភៅល្បីៗជាច្រើននាក់ទៀត ដូចជា មេចុងភៅ រិន ណារ៉ា និង មេចុងភៅស៊ុន ម៉េងហ៊ី គណៈកម្មការនៃកម្មវិធីលំដាប់ពិភពលោក MasterChef Cambodia មេចុងភៅ សៅ សុភ័ក្រ្ត និង មេចុងភៅសារ៉េន ពិសិដ្ឋ ។

កម្មវីធីនេះធ្វើឡើងក្នុងគោលបំណងសម្ពោធផលិតផលថ្មី​ស្រឡាងរបស់ក្រុមហ៊ុន សាបារា បេស ហ្វូដ មានដូចជា គ្រឿងទេសសម្រាប់ធ្វើម្ហូបចំនួន ៤មុខ រួមមាន គ្រឿងម្ជូរគ្រឿង គ្រឿងកកូរ គ្រឿងខគោ គ្រឿងឆាបាយ ដែលជាផលិតផលគ្រឿងទេស ឆ្ងាញ់ ស្រស់ ផ្ដល់ភាពងាយស្រួលក្នុងការចម្អិនម្ហូប និងផលិតផលអាហារសម្រន់ ៣មុខទៀត រួមមាន ដំណាប់ស្វាយមាន៣រសជាតិ ដំណាប់ស្វាយធម្មជាតិ ដំណាប់ស្វាយរសជាតិការី ដំណាប់ស្វាយហិរ និងដំណាប់ម្នាស់៣រសជាតិ រួមមាន ដំណាប់ម្នាស់ធម្មជាតិ ដំណាប់ម្នាស់រសជាតិការី ដំណាប់ម្នាស់ហិរ ក៏ដូចជា ស្វាយចន្ទី៤រសជាតិ មាន ស្វាយចន្ទីលីងអំបិលកំពត ស្វាយចន្ទីលីងស្ករត្នោត ស្វាយចន្ទីលីងរសជាតិការី និងស្វាយចន្ទីលីងហិរ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ សម្រាប់ដាក់លក់ជាផ្លូវការជូនអតិថិជន និងទីផ្សារនានា ទូទាំងប្រទេស។

លោកបណ្ឌិត តាន់ មុនីវណ្ណ ដែលជាវាគ្មិនកិត្តិយសក្នុងកម្មវិធីនេះ បាន​ចែករំលែកទស្សនទានក្រោមប្រធានបទ «ការប្រឈម និងឱកាសក្នុងវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា»។ សារសំខាន់មួយ គឺលោកចង់ឱ្យម្ចាស់អាជីវកម្ម សិប្បកម្មទាំងអស់និងគ្រប់វិស័យ ធ្វើការរួបរួមគ្នា ចូលរួមបង្កើតមូលដ្ឋានគ្រឹះរួមគ្នា និងដើរតួនាទីជាក់លាក់រៀងខ្លួននៅក្នុងសង្វាក់ផលិតកម្ម ដើម្បីបង្កើតនូវភាពខ្លាំងនិងការបំពេញឱ្យគ្នា ប្រកបដោយប្រសិទ្ធិភាព ដើម្បីប្រកួតប្រជែងនឹងទីផ្សារអន្តរជាតិបាន។

អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី ស្ថាបនិកសិប្បកម្មផលិតគ្រឿងហ្លួងសាបារា ​បានថ្លែងនៅក្នុងពិធីនេះថា «ការគាំទ្រផលិតផលក្នុងស្រុក មិនត្រឹមតែជួយទៅដល់អ្នកផលិតដូចជាគ្រឿងហ្លួងប៉ុណ្ណោះទេ តែក៏ចូលរួមចំណែកយ៉ាងធំជួយសេដ្ឋកិច្ចជាតិ តាមរូបភាពជាច្រើន រួមមានការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងការប្រើធនធានមនុស្សរបស់យើងផ្ទាល់ធ្វឱ្យយើងទទួលបានទាំងប្រាក់បៀរវត្ស និងការហ្វឹកហ្វឺនចំនេះជំនាញ សមត្ថភាពទៅមុខ»។​

​ទន្ទឹមគ្នានេះ ស្ថាបនិកសិប្បកម្មផលិតគ្រឿងហ្លួងសាបារា បានប្ដេជ្ញាជាចំណែកមួយក្នុងគោលដៅរួម ជាមួយសិប្បករខ្មែរឯទៀត ក្នុងការលើកស្ទួយសេដ្ឋកិច្ចនិងមុខមាត់ប្រទេសកម្ពុជា។ លោកស្រីមានជំនឿយ៉ាងមុតមាំថា ពីពេលនេះទៅមុខ ផលិតផលខ្មែរ នឹងមានវត្តមាននិងកេរ្ត៍ឈ្មោះសុសសាយលើពិភពលោក។

លោកស្រីបានលើកឡើងយ៉ាងដូច្នេះថា«ដំណើរ១០០០យោជន៍ចាប់ផ្តើមពីជំហានទី១ ម្តងបន្តិចយើងនឹងធ្វើឱ្យ ពិភពលោកស្គាល់ពីកម្ពុជា!»

នៅចុងបញ្ចប់នៃកម្មវិធី មេចុងភៅ អេន សុភ័ក្រ្ត នៃក្រុមហ៊ុនសាបារា បេសហ្វូដ បានបង្ហាញការចម្អិនម្ហួបជូនភ្ញៀវកិត្តិយស និងអញ្ជើញភ្ញៀវកិត្តយសភ្លក្សរសជាតិម្ហូបដែលផ្សំពីគ្រឿងទេសថ្មី និងអាហាសម្រន់ទាំង១០រសជាតិ ក្រោមបរិយាកាសដ៏រីករាយ។

គួរកត់សម្គាល់ថា បច្ចុប្បន្ននេះ គ្រឿងហ្លួង សាបារា មិនត្រឹមតែមានទីផ្សារទូលំទូលាយនៅក្នុងស្រុកប៉ុណ្ណោះទេ ខណៈដែលក្រុមហ៊ុនបានបំបែកទីផ្សារនៅតាមបណ្តាប្រទេសអភិវឌ្ឍ និងជឿនលឿនមួយចំនួនទៀត ដូចជា ប្រទេសជប៉ុន អាម៉េរិក និងត្រៀមនាំចេញទៅប្រទេសស្វីស និងកូរ៉េ ដោយប្រទេសស្វីសអាចនឹងក្លាយជាច្រកចូលដ៏សំខាន់ទៅកាន់ទីផ្សារខាងប៉ែកអ៊ឺរ៉ុប៕