(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានសម្ដែងនូវការគាំទ្រ ចំពោះកិច្ចសហការរវាងសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ (CEF) ជាមួយសហព័ន្ធកីឡាជិះសេះអន្ដរជាតិ (FEI)។ លោករំពឹងថា កិច្ចសហការ ក៏ដូចជាការគាំទ្រពីអន្ដរជាតិនេះ នឹងជំរុញការអភិវឌ្ឍវិស័យកីឡាជិះសេះកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ការលើកឡើងនេះ បន្ទាប់ពីទេសរដ្ឋមន្ដ្រី បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គី ដែល CEF បានរៀបចំទទួលស្វាគមន៍ដំណើរទស្សនកិច្ចលោក Jack Huang អនុប្រធាន FEI នៅក្លិបបង្ហាត់ជិះសេះ ជីននីស រីស៊ត កាលពីល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងនោះក៏មានការចូលរួមពីលោក ទិត ឌីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ផងដែរ។

លោកបណ្ឌិត ថោង ខុន បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់មន្ដ្រីជាន់ខ្ពស់ FEI នេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការសង្កេតពីសក្ដានុពលរបស់កីឡាជិះសេះកម្ពុជានោះទេ តែជាការផ្ដល់នូវការលើកទឹកចិត្ត និងគាំទ្រ ក៏ដូចជាបង្ហាញនូវភាពវិជ្ជមាន ចំពោះការអភិវឌ្ឍវិស័យកីឡាជាតិទាំងមូល។ ទេសរដ្ឋមន្ដ្រីបានសម្ដែងក្ដីរីករាយ បន្ទាប់ពីជំនួបលើកដំបូងជាមួយប្រធាន FEI លោក Ingmar De Vos និងលោក Jack Huang ផ្ទាល់ កាលពីដើមឆ្នាំ២០២៤ កន្លងទៅ ត្រូវបានអនុវត្តភ្លាមៗ តាមរយៈការគាំទ្រដល់ CEF នាពេលនេះ។

ជាមួយកិច្ចសហការ និងការគាំទ្រខាងលើ លោកទេសរដ្ឋមន្ដ្រី សង្ឃឹមយ៉ាងមុតមាំថា នឹងក្លាយជាកម្លាំងចលករដ៏សំខាន់មួយទៀត ដើម្បីជំរុញការអភិវឌ្ឍ ទាំងធនធានមនុស្ស និងបច្ចេកទេស ឆ្ពោះទៅរកគុណផលកម្រិតខ្ពស់ សម្រាប់ក្រុមកីឡាជិះសេះជម្រើសជាតិកម្ពុជា ត្រៀមការប្រកួតអន្ដរជាតិនានា ដូចជាការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ ដែលនឹងមានបញ្ចូលវិញ្ញាសាកីឡាជិះសេះជាច្រើន។ លើសពីនេះ ក៏ជាឱកាសបណ្ដុះនូវធនធានអត្តពលិកវ័យក្មេងត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ផងដែរ។

ឆ្លៀតឱកាសនោះដែរ ព្រះអង្គម្ចាស់ នរោត្ដម ណានដាទេវី អគ្គលេខាធិការសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ បានសម្ដែងក្ដីរីករាយ ក្រោយទទួលបានការគាំទ្រ និងជំរុញលើកទឹកចិត្តពីស្ថាប័នកីឡាជាតិ និងអន្ដរជាតិ ដើម្បីជំរុញការអភិវឌ្ឍប្រភេទកីឡាអូឡាំពិកមួយនេះ ឲ្យកាន់តែរីកចម្រើន ស្របពេលសហព័ន្ធ បានដាក់គោលដៅខ្ពស់ ក្នុងការត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ ខាងមុខ ក៏ដូចជាមហិច្ឆតាបណ្ដុះឲ្យបានអត្តពលិកម្នាក់ បានចូលរួមប្រកួតអូឡាំពិកយុវជន ឆ្នាំ២០២៦ ទៀតផង។

បន្ថែមលើនេះ ព្រះអង្គម្ចាស់ បានបង្ហាញពីគោលដៅរបស់សហព័ន្ធ  ក្នុងការធ្វើម្ចាស់ផ្ទះ និងចូលរួមក្នុងការប្រកួតផ្សេងៗ ដែលរៀបចំដោយសហព័ន្ធកីឡាជិះសេះអន្ដរជាតិ ដើម្បីទទួលបានបទពិសោធន៍ ក្នុងការត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៥ ខាងមុខ។ ដូច្នេះតាមរយៈការចូលរួមគាំទ្រពីស្ថាប័នកីឡាជាតិ និងអន្ដរជាតិនេះ អគ្គលេខាធិការសហព័ន្ធដដែល រំពឹងនឹងអាចសម្រេចបាននូវសមិទ្ធផលកាន់តែល្អប្រសើរជូនជាតិ ពិសេសដំណើរឆ្ពោះទៅប្រជែងមេដាយស៊ីហ្គេមនាឆ្នាំក្រោយ។

គួរដឹងថា ដំណើរទស្សនកិច្ចរបស់លោក Jack Huang មកកាន់ប្រទេសកម្ពុជាលើកនេះ ក្នុងគោលបំណង ២សំខាន់ៗ ទី១-កំឡុងពេល FEI កំពុងពិចារណា ដើម្បីប្រគល់សេះចំនួន ១២ក្បាល ដល់ CEF តាមរយៈសហព័ន្ធកីឡាជិះសេះហុងកុង និង Jockey Cub ហើយមន្ដ្រីជាន់ខ្ពស់ FEI ដដែល ក៏នឹងធ្វើការវាយតម្លៃលើគុណភាព និងវឌ្ឍនភាពនៃការងារនៅមជ្ឈមណ្ឌលហ្វឹកហាត់ថ្មីរបស់សហព័ន្ធ ដើម្បីធានាថា មជ្ឈមណ្ឌលហ្វឹកហាត់នេះ អាចទទួលសេះដោយសុវត្ថិភាព យោងតាមស្ដង់ដាររបស់ FEI សម្រាប់សុខុមាលភាពសេះ និងទី២-លោក Jack Huang នឹងចូលរួមក្នុងការបញ្ចប់សិក្សានៃកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលទទួលមូលនិធិដោយ FEI លើកដំបូង នៅក្នុងវិស័យកីឡាជិះសេះ ជូនដល់ក្មេងស្រីក្រក្រ និងកំព្រា នឹងផ្ដល់ជូនសញ្ញាបត្រទទួលស្គាល់ដោយពួកគេផងដែរ៕