(លីបហ្ស៊ីក)៖ ខ្សែបម្រើប្រយុទ្ធសញ្ជាតិក្រូអាត Nikola Vlasic ត្រូវបានដកចេញពីការប្រកួតទាំងស្រុង ដែលនៅសេសសល់ក្នុងព្រឹត្តិការណ៍ Euro 2024 ដោយសារមានរបួសសាច់ដុំ។ នេះបើតាមការបញ្ជាក់ពីសហព័ន្ធបាល់ទាត់ក្រូអាត ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA ននៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤។

Vlasic ដែលមិនបានចូលរួមប្រកួតបើកឆាករបស់ក្រូអាត ដែលបានចាញ់អេស្ប៉ាញ ៣-០ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននោះ នឹងចាកចេញពីជំរំ មុនការប្រកួតលើកទី២ របស់ពួកគេទល់នឹងក្រុមអាល់បានីនៅថ្ងៃពុធនេះ។

​«ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ ដែលរបួសថ្មីនេះ នឹងរារាំងខ្ញុំពីការជួយដល់ក្រុម។ ខ្ញុំបានធ្វើអ្វីៗគ្រប់យ៉ាង តាមដែលអាចធ្វើទៅបានរួចហើយ ហើយខ្ញុំសូមអរគុណ ចំពោះគ្រូបង្គោល និងបុគ្គលិកគ្រូបង្វឹក សម្រាប់ការផ្តល់ឱកាស។ ខ្ញុំជឿជាក់លើក្រុមនេះ ហើយខ្ញុំជឿជាក់ថា ពួកគេនឹងមានភាពជោគជ័យ។ ខ្ញុំនឹងជាអ្នកគាំទ្រធំជាងគេបំផុតរបស់ពួកគេ»។ Vlasic បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់សហព័ន្ធបាល់ទាត់ក្រូអាត ដែលចេញផ្សាយនៅបណ្តាញសង្គម X។

​បញ្ហារបួសនេះ គឺបង្កផលប៉ះពាល់ដល់ក្រុមក្រូអាត ខណៈបានរងបរាជ័យយ៉ាងខ្លាំងរួចទៅហើយ បន្ទាប់ពីចាញ់ក្រោមថ្វីជើងក្រុមអេស្ប៉ាញ។

ក្រូអាត ដែលដឹកនាំដោយអ្នកចាត់ការ Zlatko Dalic នឹងត្រូវប្រកួតចុងក្រោយក្នុងពូលរបស់ពួកគេ ប៉ះនឹងអ៊ីតាលី ខណៈក្រូអាត ធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup ក្នុងឆ្នាំ២០១៨ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងប្រទេសកាតា កាលពី ២ឆ្នាំមុន៕