(ឡុងដ៍)៖ ក្លិបកញ្ជ្រោងខៀវ Leicester City បានឈានដល់កិច្ចព្រមព្រៀង ក្នុងការតែងតាំងលោក Steve Cooper ជាគ្រូបង្វោលថ្មីរបស់ពួកគេហើយ ក្រោមកិច្ចសន្យា ៣ឆ្នាំគត់។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

បុរសវ័យ ៤៤ឆ្នាំរូបនេះ ជាអ្នកដឹកនាំក្លិប Nottingham Forest ឡើងមកកាន់លីគកំពូលអង់គ្លេស Premier League ក្នុងរដូវកាលដំបូងរបស់លោកផងដែរនាឆ្នាំ២០២១-២០២២ ដោយបានទំនេរពីការងាររហូតមកផងដែរ ក្រោយចាកចេញពី Forest នាអំឡុងខែធ្នូ ឆ្នាំ២០២៣ មក។

នេះមានន័យថា លោក Cooper នឹងទៅជំនួសតំណែងលោក Enzo Maresca ដែលបានលាឈប់ទៅដឹកនាំក្លិបតោខៀវ Chelsea កាលពីដើមខែមិថុនា ឆ្នាំ២០២៤ ក្រោយជួយ Leicester City ឡើងមកកាន់ Premier League រួចមក។

ក្រោយពីចុះកិច្ចសន្យារួចរាល់ លោក Cooper បានថ្លែងឱ្យដឹងផងថា «ខ្ញុំពិតជារីករាយ និងមោទកភាពខ្លាំងណាស់ ដោយត្រូវបានតែងតាំងជាគ្រូធំរបស់ Leicester City។ វាគឺជាក្លិបដ៏អស្ចារ្យ និងអតីតក្លិបអ្នកមាន ដែលមានការគាំទ្រច្រើនផងដែរ។ ខ្ញុំមានក្តីរំភើបដោយបានធ្វើការជាមួយកីឡាករប្រកបដោយទេពកោសល្យ និងអន្ទះសារខ្លាំងណាស់ក្នុងការប្រកួតប្រជែងនៅ Premier League ឆាប់ៗនេះ»