(ប៊ែកឡាំង)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានត្រៀមកញ្ចប់ទឹកប្រាក់ប្រមាណ ៣៥៥លានដុល្លារអាមេរិក ដូចកាលឆ្នាំ២០២០ ផងដែរ ក្នុងការចែកជូនទាំង ២៤ក្រុម (ប្រទេស) ដែលបានឡើងមកដល់ជុំចុងក្រោយនៃពានរង្វាន់ជើងឯកអឺរ៉ុប Euro 2024 នៅអាល្លឺម៉ង់លើកនេះ ខណៈការប្រកួត និងដំណាក់កាលនីមួយៗ សុទ្ធសឹងទទួលបានប្រាក់ឧបត្ថម្ភទាំងអស់ លើកលែងតែចាញ់ប៉ុណ្ណោះ។

ជាបន្តទៅទៀតនេះ Fresh News Plus សូមធ្វើការបង្ហាញជូននូវចំនួនទឹកប្រាក់នៃការប្រកួត និងបណ្តាវគ្គនីមួយៗមានដូចខាងក្រោម តាមរយៈការដកស្រង់ចេញផ្សាយដោយគេហទំព័ររបស់ UEFA តែម្តង។
• ក្រុមឈានមកដល់ជុំចុងក្រោយ ២៤ក្រុម ទទួលបាន ៩.៩២លានដុល្លារ ដោយស្វ័យប្រវត្តិ
• ឈ្នះ ១ប្រកួត ទទួលបាន ១.០៧លានដុល្លារ ខណៈស្មើបាន ៥៣,៦០០ដុល្លារ
• ឈានដល់វគ្គ ១៦ក្រុម ទទួលបាន ១.៦០លានដុល្លារ
• ឈានដល់វគ្គ ៨ក្រុម ទទួលបាន ២.៦៨លានដុល្លារ
• ឈានដល់វគ្គ ៤ក្រុម ទទួលបាន ៤.២៩លានដុល្លារ
• ក្រុមរងជើងឯក ទទួលបាន ៥.៣៦លានដុល្លារ
• ក្រុមជើងឯក ទទួលបាន ៨.៥៨លានដុល្លារ។

គួរបញ្ជាក់ផងថា UEFA ក៏បានបូកសរុបទឹកប្រាក់សម្រាប់ក្រុមជើងឯក Euro 2024 លើកទី១៧ នេះដែរ ដែលទទួលបានក្នុងរង្វង់ ៣០.៣០លានដុល្លារត្រឡប់ទៅផ្ទះវិញ ប្រសិនបើពួកគេលេងឈ្នះទាំង ៣ប្រកួតសន្សំពិន្ទុក្នុងពូលនោះ។ ក្រុមជើងឯក និងជើងឯករងត្រូវលេង ៧ប្រកួតដូចគ្នា ក្នុងរយៈពេល ១ខែពេញចាប់ពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤៕