(ភ្នំពេញ)៖ តាមរយៈទំព័រហ្វេសប៊ុក ABA Bank ដែលបង្ហោះខ្លឹមសារនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ ធនាគារ ABA បានបញ្ជាក់ពីភាពជោគជ័យជុំវិញករណីផ្ទេរប្រាក់ចេញពីគណនីផ្ទាល់ខ្លួនរបស់មរណជនជាស្វាមី ទៅកាន់គណនីភរិយារបស់គាត់ ពោលគឺករណីនេះត្រូវបានដោះស្រាយប្រកបដោយភាពជោគជ័យតាមនីតិវិធីច្បាប់។

គួរជម្រាបថា កាលពីថ្ងៃទី១៣ ខែមិថុនា កន្លងទៅ ធនាគារ ABA បានបង្ហោះខ្លឹមសារថា ធនាគារបានឃើញការពិភាក្សាលើបណ្ដាញសង្គមទាក់ទងនឹងការស្នើសុំរបស់អតិថិជនម្នាក់ ដើម្បីទទួលបានសិទ្ធិប្រើប្រាស់សាច់ប្រាក់ពីគណនីផ្ទាល់ខ្លួនរបស់ស្វាមីគាត់ ដែលស្វាមីគាត់បានទទួលមរណភាពទៅហើយ។ ធនាគារ ABA ពិតជាយល់ច្បាស់ណាស់ថា នីតិវិធីអាចនឹងមានភាពស្មុគស្មាញ ប៉ុន្តែភាគីធនាគារ ABA ត្រូវតែអនុវត្តតាមក្របខណ្ឌច្បាប់ឲ្យបានត្រឹមត្រូវ ដើម្បីផ្តល់ដំណោះស្រាយដោយរលូន និងសុវត្ថិភាព។ ទោះបីធនាគារ ABA មិនបានបញ្ជាក់ពីឈ្មោះអតិថិជនរូបនោះ តែមហាជនគឺបានដឹងហើយថា នោះជាការស្នើសុំរបស់អ្នកស្រី នួន ស៊ុន្ទរី ហៅ ស្រីអូន ដែលបានបង្ហោះវីដេអូនៅលើបណ្ដាញសង្គមហ្វេសប៊ុកកន្លងមក។

ក្រោយដោះស្រាយករណីនេះហើយ ធនាគារ ABA ក៏បានបញ្ជាក់ពីភាពជោគជ័យជុំវិញករណីផ្ទេរប្រាក់ចេញពីគណនីផ្ទាល់ខ្លួនរបស់មរណជនជាស្វាមី (ឧកញ៉ា ឈាង រ័ត្ន) ទៅកាន់គណនីភរិយារបស់គាត់ គឺអ្នកស្រី នួន ស៊ុន្ទរី ហៅ ស្រីអូន។

តាមរយៈទំព័រហ្វេសប៊ុកដដែល ធនាគារ ABA ក៏បានបង្ហាញការថ្លែងអំណរគុណចំពោះស្ថាប័នតុលាការ ដែលបានចេញនូវឯកសារចាំបាច់តម្រូវដោយច្បាប់ដើម្បីដំណើរការប្រតិបត្តិការនេះ និងមានចំណាត់ការដ៏ឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលអាចឱ្យធនាគារ ABA ជួយដល់អតិថិជន និងផ្ទេរប្រាក់បានភ្លាមៗ បន្ទាប់ពីទទួលបានឯកសារគ្រប់គ្រាន់កាលពីថ្ងៃទី១៧ ខែមិថុនា កន្លងទៅនេះ។

ទន្ទឹមនឹងនេះ ធនាគារ ABA ក៏បានអរគុណដល់អរគុណដល់អតិថិជនសម្រាប់ភាពអត់ធ្មត់ក្នុងអំឡុងពេលដំណើរការ ដើម្បីទទួលបានដីកាបញ្ជូនពីតុលាការសម្រាប់ចាត់ការតាមនីតិវិធី ចំពោះដីកាសម្រេចរឿងក្ដីរដ្ឋប្បវេណីមិនមែនជាបណ្ដឹង ដែលដីកាបញ្ជូននេះជាឯកសារតម្រូវចាំបាច់ដើម្បីផ្ទេរប្រាក់ពីគណនីរបស់មរណជនដែលមិនបានបន្សល់ទុកនូវបណ្ដាំមរតកណាមួយ ខណៈសាច់ប្រាក់នោះស្ថិតនៅក្នុងគណនីផ្ទាល់ខ្លួនរបស់មរណជនជាស្វាមី មិនមែនស្ថិតនៅក្នុងគណនីរួមគ្នារវាងមរណជននិងភរិយានោះទេ។

ធនាគារ ABA នៅតែបន្តប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់សេវាធនាគារដ៏ល្អបំផុត និងធានាសុវត្ថិភាពហិរញ្ញវត្ថុជូនអតិថិជនគ្រប់រូប។ ធនាគារ ABA ស្វាគមន៍និងលើកទឹកចិត្តឲ្យអតិថិជនគ្រប់រូបទាក់ទងមកកាន់ធនាគារដោយផ្ទាល់ នៅពេលមានបញ្ហាណាមួយ ដើម្បីអាចឲ្យសហការីធនាគារ ABA ពិភាក្សារកដំណោះស្រាយរួមគ្នា តាមរយៈមូលដ្ឋានផ្លូវច្បាប់ត្រឹមត្រូវ នាំមកនូវលទ្ធផលដ៏រឹងមាំមួយដែលយុត្តិធម៌ និងស្មើភាពសម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់៕