(ភ្នំពេញ)៖ ដោយសារតែសង្កេតឃើញពីតម្រូវការនិងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានានៃ បណ្ឌិត្យសភានគរបាល ជាតិ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភថវិកាចំនួន ៦ម៉ឺនដុល្លារ បង់អង្គុយចំនួន ១០០បង់បន្ថែម និងភេសជ្ជៈសរុប ៧៥០កេស ដើម្បីជួយសម្រាលបន្ទុកនៃការរៀបចំ និងការស្ថាបនាផ្សេងៗ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ នៃបណ្ឌិត្យសភានគរបាលជាតិ។

តាមរយៈការឧបត្ថម្ភរបស់ ខ្មែរ ប៊ែវើរីជីស នេះគឺជាចំណែកមួយក្នុងការចូលរួមលើកកម្ពស់ការបណ្ដុះបណ្ដាលធនធានមនុស្ស និងផ្ដល់ភាពងាយស្រួលដល់និស្សិត និងសិក្ខាកាមដែលកំពុងសិក្សានៅបណ្ឌិត្យសភានគរបាលជាតិទាំងមូល ដែលនិស្សិតទាំងអស់សុទ្ធសឹងតែជាធនធានបម្រើដល់ប្រយោជន៍ជាតិ មាតុភូមិ ការពារសុខសុវត្ថិភាព និងសន្តិភាពជូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា។

ក្នុងនាមសហគ្រិនខ្មែរ ដែលតែងតែប្ដេជ្ញាកសាងម៉ាកយីហោផលិតផលខ្មែរ MADE IN CAMBODIA គុណភាពកម្រិតអន្តរជាតិ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឱ្យលេចមុខមាត់ដូចបណ្ដាប្រទេសផ្សេងៗ ពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានឧបត្ថម្ភដល់បណ្ឌិត្យសភានគរបាលជាតិ។

ការឧបត្ថម្ភនេះជាលើកទី២ហើយ ដោយលើកទី១ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរ ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភភេសជ្ជៈ ៧៥០កេស និងបង់អង្គុយចំនួន ១៥០បង់ ដែលចំណាយសរុបលើការឧបត្ថម្ភទាំងទី២លើកនេះប្រមាណជាង ១២ម៉ឺន ដុល្លារ ហើយ។ ការឧបត្ថម្ភរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាហូរហែនេះ គឺដើម្បីបម្រើជាប្រយោជន៍រួម ក្នុងគោលបំណងរួមចំណែកលើកស្ទួយដល់ការបណ្ដុះបណ្ដាល និងលើកកម្ពស់សោភណភាពជូនស្ថាប័ន៕