(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Nvidia បានក្លាយជាក្រុមហ៊ុនដែលមានតម្លៃបំផុតរបស់ពិភពលោកនៅថ្ងៃអង្គារសប្តាហ៍នេះ។ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សនេះបានកើនឡើងដល់ ៣.៦ភាគរយ ជាមួយចំណែកទីផ្សារសរុបចំនួន ៣.៣៤ពាន់ពាន់លានដុល្លារ កើនលើសពីក្រុមហ៊ុន Microsoft និង Apple។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។

យោងតាមរបាយការណ៍ចេញផ្សាយបានបង្ហាញថា គិតចាប់តាំងពីដើមឆ្នាំ២០២៤ រហូតមកទល់ពេលនេះ តម្លៃភាគហ៊ុនរបស់ Nvidia បានកើនឡើង ១៧០ភាគរយ និងបានកើនឡើងចំនួន ៩ដងចាប់តាំងពីឆ្នាំ២០២២ ដែលជាកំណើនគួរឱ្យកត់សម្គាល់ស្របពេលជាមួយនឹងការកើនឡើងនៃប្រជាប្រិយភាព AI។

ប្រភពពី CNBC បានរាយការណ៍ថា Nvidia មានប្រហែល ៨០ភាគរយនៃទីផ្សារសម្រាប់បន្ទះឈីប AI ដែលប្រើនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ និងជាក្រុមហ៊ុនផ្គត់ផ្គង់ដ៏សំខាន់សម្រាប់ OpenAI, Microsoft, Alphabet, Amazon, Meta និងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនផ្សេងទៀត។ របាយការណ៍ប្រចាំត្រីមាសបានបង្ហាញថា ប្រាក់ចំណូលនៅក្នុងអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យរបស់ Nvidia បានកើនឡើង ៤២៧ភាគរយ ធៀបនឹងឆ្នាំមុន ដែលមានចំនួនប្រហែល ៨៦ភាគរយ នៃការលក់សរុប។

មូលហេតុដែលធ្វើឱ្យ Nvidia ក្លាយជាក្រុមហ៊ុនលេចធ្លោជាងគេបំផុតគឺដោយសារតែ តម្រូវការឥតឈប់ឈរសម្រាប់បន្ទះឈីប AI របស់ Nvidia បានជំរុញឱ្យមានការកើនឡើងដែលមិនធ្លាប់មានពីមុនមកនៅក្នុងតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន ហើយពីក្រៅពីនេះបានកើនឡើងជាង ៧០០ភាគរយចាប់តាំងពីការដាក់ដំណើរការ ChatGPT ជាផ្លូវការនៅចុងឆ្នាំ ២០២២។

គួរជម្រាបថា ទស្សនាវដ្តី Forbes ថ្មីៗនេះបានរាយការណ៍ថា សហស្ថាបនិក និងជានាយកប្រតិបត្តិ Nvidia លោក Jensen Huang ឥឡូវនេះគឺជាអ្នកមានបំផុតទី១១ នៅលើពិភពលោក ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ១១៧ពាន់លានដុល្លារឯណោះ៕