(ម៉ូនិច)៖ សម្រាប់ ៣ប្រកួតបញ្ចប់វគ្គសន្សំពិន្ទុជុំទី២ ប្រចាំពូល B និងពូល C នៃការប្រជែងជើងឯកប្រចាំទ្វីបអឺរ៉ុប Euro 2024 នៅប្រទេសអាល្លឺម៉ង់នាយប់មិញនេះ គោជល់អេស្ប៉ាញ បានកក់កៅអីលេងវគ្គបន្ទាប់ជាផ្លូវការ ខណៈដែលអតីតជើងឯករងឆ្នាំ២០២០ តោកំណាចអង់គ្លេស នៅរង់ចាំអ៊ុតមើលលទ្ធផលប្រកួតទី៣ ក្នុងពូល C នៅឱកាសឡើងវគ្គ ១៦ក្រុមជាបន្តទៀត ។

១ប្រកួតបើកឆាកនាក្បាលព្រលប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា (ម៉ោងនៅកម្ពុជា) ជំនួបរវាងស្លវេនី និងស៊ែប៊ី បានចែកគ្នាម្នាក់ ១ពិន្ទុ ក្រោយបញ្ចប់លទ្ធផលស្មើគ្នា ១-១ ពីក្នុងពូល C ក្នុងនាមជាក្រុមលេង ២ប្រកួតនៅ Euro ជំនាន់ទី១៧ នេះមិនទាន់ឈ្នះដូចគ្នា នៅពេលតោកំណាចអង់គ្លេស រកបាន ៤ពិន្ទុពីការលេងស្មើក្រុមដាណឺម៉ាក ១-១ ដែលការចែកគ្នាម្នាក់ ១ពិន្ទុបន្ថែមនេះដែរ បានធ្វើឱ្យអង់គ្លេស បន្តក្តោបក្តាប់តំណែងកំពូលតារាងពូល C ។

ចំណែកឯជំនួបដើម្បីបិទបញ្ចប់ជុំទី២ ប្រចាំពូល B វិញ ក្រុមអេស្ប៉ាញ បានយកឈ្នះក្រុមការពារជើងឯកអាសូរីអ៊ីតាលី ១ទល់នឹង០ នាំឱ្យពួកគេឈរនៅកំពូលតារាងដោយមាន ៦ពិន្ទុក្នុងជ័យជម្នះទី២ របស់ពួកគេ ក្នុងការឡើងទៅឈរចាំមុននៃវគ្គ ១៦ក្រុមជាបន្តទៀតជាផ្លូវការ ។

គិតមកទល់នឹងពេលនេះ Euro 2024 រកបាន ២ក្រុមជាផ្លូវការហើយ ដោយមានក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ និងក្រុមអេស្ប៉ាញ ឡើងទៅវគ្គចាញ់-ធ្លាក់ ១៦ក្រុមជាបន្ត ខណៈក្រុមស្វីស និងអង់គ្លេស នៅរង់ចាំអ៊ុតលទ្ធផលការប្រកួតចុងក្រោយជុំទី៣ ក្នុងពូលរបស់ពួកគេទើបដឹងក្រុមមានកៅអីផ្លូវការ ពីការរកបានចំនួនពិន្ទុពិតប្រាកដ ដ្បិតការប្រកួតវគ្គចែកពូលនេះត្រូវជ្រើសយកក្រុមលេខ១ និងលេខ២ ទទួលកៅអីស្វ័យប្រវត្តិ នៅពេលលេខក្រុម៣ ល្អចំនួន ៤ក្រុម ក៏ត្រូវបានជ្រើសរើសយក ដើម្បីឡើងទៅបង្គ្រប់វគ្គបន្ទាប់ទៀតផងដែរ ៕