(ប៊ែកឡាំង)៖ ការប្រកួតវគ្គសន្សំពិន្ទុតាមពូល D និងពូល E នឹងបន្តធ្វើឡើងសម្រាប់ជុំទី២ ទៀតនារាត្រីថ្ងៃសុក្រ ទី២១ ខែមិថុនានេះ ដោយមានមាន់គកបារាំង ប៉ះទឹកក្រូចហូឡង់លេងយប់ជ្រៅជាងគេ។

១ប្រកួតបើកឆាកនាក្បាលព្រលប់ម៉ោង ៨យប់ថ្ងៃសុក្រនេះ គឺជាការជួបគ្នារវាងក្រុមជម្រើសជាតិស្លូវ៉ាគី និងអ៊ុយក្រែន ធ្វើឡើងនៅកីឡដ្ឋាន Merkur Speil-Arena ដោយមានលោក Michael Oliver សញ្ជាតិអង់គ្លេស ជាមន្រ្តីអាជ្ញាកណ្តាលលើទីលាន នៃវគ្គសន្សំពិន្ទុជុំទី២ ប្រចាំពូល E។

ចំណែកឯក្រុមទើបចាញ់នៅថ្ងៃបើកឆាកដូចគ្នា ប៉ូឡូញ និងអូទ្រីស ចាបផ្តើមនាម៉ោង ១១យប់ (ម៉ោងនៅកម្ពុជា) សន្សំពិន្ទុប្រចាំពូល D ធ្វើឡើងនៅកីឡដ្ឋានជាតិអាល្លឺម៉ង់ Olympiastadion ដោយមានលោក Halil Meler សញ្ជាតិតួកគី ជាអាជ្ញាកណ្តាលផងដែរ នៅមុនពេលជំនួបរវាងបារាំង និងហូឡង់ ចាប់ផ្តើមម៉ោង ២យប់រំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃសៅរ៍ ទី២២ ខែមិថុនា ដើម្បីបញ្ចប់វគ្គសន្សំពិន្ទុពូល D។ ជំនួបធំនេះដែរ នឹងធ្វើឡើងនៅកីឡដ្ឋាន Red Bull Arena Leipzig ដោយមានលោក Anthony Taylor សញ្ជាតិអង់គ្លេស ជាអាជ្ញាកណ្តាលលើទីលាន។

គួរបញ្ជាក់ផងថា ជំនួបរវាងក្រុមខ្លាំងនេះដែរ ក្រុមណាឈ្នះ នឹងទទួលបានកៅអីឡើងទៅវគ្គ ១៦ក្រុម ប្រសិនបើស្មើគ្នាវិញ ក៏នឹងមានសង្ឃឹមឡើងទៅវគ្គបន្ទាប់ទៀតដែរ ដ្បិតលេខ៣ ល្អ ៤ក្រុម ក៏ត្រូវបានជ្រើសផងដែរ ស្របពេលពួកគេមាន ៣ពិន្ទុក្នុងដៃទៀតផង៕