(បរទេស)៖ TikTok និងក្រុមហ៊ុនមេរបស់ខ្លួន ByteDance នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានជំរុញឱ្យតុលាការសហរដ្ឋអាមេរិក ជំទាស់នឹងច្បាប់ដែលខ្លួនអះអាងថា អាចនឹងហាមឃាត់កម្មវិធីវីដេអូខ្លីដ៏ពេញនិយមនេះ នៅសហរដ្ឋអាមេរិក ត្រឹមថ្ងៃទី១៩ ខែមករា ខាងមុខ។ ក្រុមហ៊ុនមេរបស់ TikTok អះអាងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបដិសេធមិនចូលរួមក្នុងកិច្ចពិភាក្សារកដំណោះស្រាយណាមួយឡើយ តាំងពីឆ្នាំ២០២២មកម្ល៉េះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។

ច្បាប់ដែលបានចុះហត្ថលេខា កាលពីខែមេសាកន្លងទៅ ដោយប្រធានាធិបតីអាមេរិក លោក Joe Biden គឺមានខ្លឹមសារផ្តល់ឱ្យក្រុមហ៊ុនមេ ByteDance រហូតដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ដើម្បីលក់កម្មសិទ្ធ TikTok នៅសហរដ្ឋអាមេរិកទៅឲ្យក្រុមហ៊ុនណាមួយក៏បាន របស់អាមេរិក បើមិនដូច្នេះទេ នឹងមានការហាមឃាត់កម្មវិធីនៅអាមេរិក ដែលមានអ្នកប្រើប្រាស់១៧០លាននាក់។ ជុំវិញដំណោះស្រាយបែបនេះ ByteDance និយាយថា ការដកខ្លួនចេញគឺ «មិនអាចធ្វើទៅបាន តាមបច្ចេកវិទ្យាពាណិជ្ជកម្ម ឬស្របច្បាប់ឡើយ»

ទោះយ៉ាងណាក៏ដោយ សាលាឧទ្ធរណ៍របស់សហរដ្ឋអាមេរិកនៅ សង្កាត់កូឡុំប៊ី នឹងធ្វើការជជែកផ្ទាល់មាត់លើបណ្តឹងដែលប្តឹងដោយ TikTok និង ByteDance រួមជាមួយនឹងអ្នកប្រើប្រាស់ TikTok នៅថ្ងៃទី១៦ ខែកញ្ញាខាងមុខ។ អនាគតរបស់ TikTok នៅសហរដ្ឋអាមេរិកអាចនឹងស្ថិតនៅលើលទ្ធផលនៃសំណុំរឿងនេះ ដែលអាចជះឥទ្ធិពលដល់សហរដ្ឋអាមេរិក ខណៈរដ្ឋាភិបាលប្រើប្រាស់សិទ្ធិអំណាចថ្មីរបស់ខ្លួន ដើម្បីទប់ស្កាត់កម្មវិធីដែលគ្រប់គ្រងដោយបរទេស។

TikTok និយាយថា ការដកខ្លួនចេញ ទោះបីជាអាចធ្វើទៅបានតាមបច្ចេកទេសក៏ដោយ នឹងត្រូវចំណាយពេលច្រើនឆ្នាំ ហើយអះអាងថា ច្បាប់នេះរំលោភលើសិទ្ធិបញ្ចេញមតិដោយសេរីរបស់ជនជាតិអាមេរិក។ ងាកមក អង្គការមិនស្វែងរករកប្រាក់ចំណេញ និងសិទ្ធិមនុស្សមួយរបស់អាមេរិក The American Civil Liberties Union ធ្លាប់បាននិយាយថា ការហាមប្រាម ឬទាមទារឱ្យមានការដក TikTok នឹង «បង្កើតគំរូជាសកលដ៏គួរឱ្យព្រួយបារម្ភសម្រាប់ការគ្រប់គ្រងរបស់រដ្ឋាភិបាលលើសលប់ មកលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រទេសផ្សេង»។

TikTok បានបញ្ជាក់រួចហើយថា ខ្លួនមិនបានចែករំលែកទិន្នន័យរបស់អ្នកប្រើប្រាស់ទៅឲ្យរដ្ឋាភិបាលចិននោះទេ ហើយរដ្ឋាភិបាលចិនក៏មិនបានដាក់សម្ពាធមកលើខ្លួនក្នុងការបង្ខំឲ្យចែករំលែកទិន្នន័យផងដែរ៕