(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្ត Toyota Motor បានប្រកាសឱ្យដឹងថា ខ្លួនបានផ្អាកការផលិត និងចែកចាយរថយន្ត Grand Highlander និង Lexus TX ស៊េរីឆ្នាំ២០២៤ រហូតដល់វាអាចដោះស្រាយបញ្ហាពោងសុវត្ថិភាពបាន។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។

Toyota បានគូសបញ្ជាក់ថា ខ្លួនកំពុងប្រមូលរថយន្តប្រហែល ១៤៥,០០០គ្រឿងនៅក្នុងទីផ្សារសហរដ្ឋអាមេរិក ដោយសារបញ្ហាពោងសុវត្ថិភាពដែលស្ថិតនៅផ្នែកអ្នកបើកបរ ហើយនៅមិនទាន់អាចកំណត់ពេលវេលាផលិត និងដាក់លក់ជាក់លាក់បាននៅឡើយនោះទេ នឹងត្រូវរង់ចាំ «រហូតដល់រកដំណោះស្រាយបាន»។ ក្រុមហ៊ុន Toyota បានបន្ថែមទៀតថា «យានជំនិះអាចនឹងមិនបំពេញតាមស្តង់ដារសុវត្ថិភាពសហព័ន្ធ ដែលងាយបង្កើនហានិភ័យ និងអាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ក្នុងអំឡុងបើកបរ» ខណៈបញ្ហានេះកំពុងស្ថិតក្នុងដំណាក់កាលសិក្សា។

គួរជម្រាបថា ក្រុមហ៊ុន Toyota នឹងជូនដំណឹងដល់អតិថិជនជាថ្មីអំពីបញ្ហានេះតាមការរំពឹងទុកអាចក្នុងអំឡុងពាក់កណ្តាលខែសីហាខាងមុខនេះ ប៉ុន្តែវាមិនច្បាស់ទេថានៅពេលណាដែលដំណោះស្រាយការប្រមូលមកវិញនឹងត្រូវបានប្រកាស៕