(ប៊ែកឡាំង)៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយក្រែន រកបាន ៣ពិន្ទុដំបូងក្នុងចំណោម ២ប្រកួតសន្សំពិន្ទុប្រចាំពូល E តាមរយៈវាយបកឈ្នះស្លូវ៉ាគី ២-១ ចុងម៉ោងនារាត្រីថ្ងៃសុក្រ ទី២១ ខែមិថុនានេះ។

អ៊ុយក្រែន ដែលបានចាញ់រ៉ូម៉ានី ៣ទល់នឹង០ នៅថ្ងៃបើកឆាកពូល E កាលពីដើមសប្តាហ៍នោះ បានខិតខំវាយបករហូតយកឈ្នះវិញសម្រាប់វគ្គទី២ ក្រោយគូប្រជែងស្លូវ៉ាគីបានបើកការនាំមុខ ១គ្រាប់មុនតាំងពីវគ្គទី១ មកម្ល៉េះ។ ៣ពិន្ទុនេះដែរ បានធ្វើឱ្យអតីតម្ចាស់ផ្ទះ Euro កាលឆ្នាំ២០១២ ជាមួយប៉ូឡូញមួយនេះ មានពិន្ទុស្មើជាមួយស្លូវ៉ាគី និងរ៉ូម៉ានី ដ្បិតជំនួបរវាងរ៉ូម៉ានី ទល់នឹងក្រុមបាតតារាងប៊ែលហ្សិក ត្រូវលេងយប់ស្អែក។

យ៉ាងណាក៏ដោយ ពួកគេមិនទាន់ផុតឱកាសក្នុងការប្រជែងកៅអីវគ្គ ១៦ក្រុមឡើយ នៅពេលលេខ១ និងលេខ២ ឡើងទៅវគ្គ ១/៨ ដោយស្វ័យប្រវត្តិ ដ្បិតលេខ៣ ល្អចំនួន ៤ក្រុមក៏ត្រូវឡើងទៅវគ្គបន្ទាប់ផងដែរ។

១ប្រកួតបិទពូល E គឺអ៊ុយក្រែនត្រូវប៉ះប៊ែលហ្សិក គ្រាដែលរ៉ូម៉ានី ត្រូវប៉ះស្លូវ៉ាគី លេងម៉ោង ១១យប់ដំណាលគ្នា (ម៉ោងនៅកម្ពុជា) នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅអាល្លឺម៉ង់៕