(ម៉ូនិច)៖ ៣ប្រកួតនៅយប់នេះ នឹងបញ្ចប់វគ្គសន្សំពិន្ទុតាមពូលសម្រាប់ជុំទី២ នៃពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប Euro 2024 លើកទី១៧ នាប្រទេសអាល្លឺម៉ង់ ក្រោយដំណើរការប្រកួតតាំងពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ មកនោះ។

១ប្រកួតបើកឆាកនាម៉ោង ៨យប់ (ម៉ោងនៅកម្ពុជា) នៅរាត្រីថ្ងៃសៅរ៍ ទី២២ ខែមិថុនានេះ គឺជាការជួបគ្នារវាងក្រុមជម្រើសជាតិហ្ស៊កហ្ស៊ី និងសាធារណរដ្ឋឆេក ពីក្នុងពូល F ចុងក្រោយគេ ធ្វើឡើងនៅកីឡដ្ឋាន Volksparkstadion ដោយមានលោក Daniel Siebert សញ្ជាតិអាល្លឺម៉ង់ ជាអាជ្ញាកណ្តាលលើទីលាន។

យ៉ាងណាមិញ បច្ចខែលព័រទុយហ្គាល់ ត្រូវប៉ះក្រុមឡើងជើងតួកគី នាម៉ោង ១១យប់ ដើម្បីបញ្ចប់ជុំទី២ សន្សំពិន្ទុពូល F នឹងធ្វើឡើងនៅកីឡដ្ឋាន Signal Iduna Park ដោយមានលោក Felix Zwayer សញ្ជាតិអាល្លឺម៉ង់ ជាអាជ្ញាកណ្តាលលើទីលាន។ ក្នុងជំនួបធំប្រចាំពូលនេះដែរ ប្រសិនក្រុមណាឈ្នះ នឹងទទួលបានកៅអីឡើងទៅវគ្គ ១៦ក្រុមដូចអាល្លឺម៉ង់ និងអេស្ប៉ាញដែរហើយ ដ្បិតមាន ៣ពិន្ទុក្នុងដៃដូចគ្នា។

ចំណែក ១ប្រកួតទៀត ដើម្បីបិទបញ្ចប់ជុំទី២ នៃពូល E វិញគឺជាការជួបគ្នារវាងប៊ែលហ្សិក និងរ៉ូម៉ានី នាម៉ោង ២យប់រំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃអាទិត្យ ទី២៣ ខែមិថុនា (ម៉ោងនៅកម្ពុជា) ធ្វើឡើងនៅកីឡដ្ឋាន RheinEnergieSTADION ដោយមានលោក Szymon Marciniak សញ្ជាតិព័រទុយហ្គាល់ ជាមន្រ្តីអាជ្ញាកណ្តាលលើទីលាន៕