(បរទេស)៖ ជោគវាសនារបស់ TikTok លើទឹកដីអាមេរិក ហាក់មិនស្រណុកសុខស្រួលឡើយ ត្បិតជួបករណីប្តឹងផ្តល់ជាបន្តបន្ទាប់។ ជាក់ស្តែង ថ្មីៗនេះមានសេចក្តីរាយការណ៍មកថា ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក គ្រោងប្តឹង TikTok លើការចោទប្រកាន់ថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមមួយនេះ បានរំលោភលើសិទ្ធិឯកជនភាពរបស់កុមារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤។

គណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិក (FTC) បានបើកស៊ើបអង្កេតលើករណីខាងលើនេះ និងស្វែងរកភស្តុតាំងបន្ថែម ដើម្បីអាចប្តឹង TikTok និងក្រុមហ៊ុនមេ ByteDance ហើយបានបញ្ជូនករណីនេះទៅក្រសួងយុត្តិធម៌អាមេរិក នៅថ្ងៃអង្គារសប្តាហ៍នេះ។ FTC បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការស៊ើបអង្កេតបានរកឃើញហេតុផលនានា ដើម្បីធានាថា TikTok ពិតជាកំពុងបំពាន ឬហៀបនឹងបំពានច្បាប់ ហើយថាដំណើរការនេះ គឺស្ថិតនៅក្នុងផលប្រយោជន៍សាធារណៈ»

ទោះជាយ៉ាងណាក៏ដោយ ជុំវិញករណីប្តឹងផ្តល់នេះ TikTok បានអះអាងថា ខ្លួនមិនយល់ស្របនឹងការចោទប្រកាន់របស់ FTC ឡើយ ហើយមានការខកចិត្តដែលភ្នាក់ងារនេះបានសម្រេចចិត្តបន្តការប្តឹងផ្តល់។

គួរជម្រាបថា ការស៊ើបអង្កេតនេះ គឺដាច់ដោយឡែកពីការព្រួយបារម្ភដែលកំពុងបន្តនៅក្នុងសភាអាមេរិក អំពី ទិន្នន័យរបស់អ្នកប្រើប្រាស់ TikTok របស់សហរដ្ឋអាមេរិកចំនួន ១៧០លាននាក់។ TikTok កំពុងប្រឈមនឹងច្បាប់ដែលបានអនុម័តកាលពីខែមេសា ដែលតម្រូវឱ្យក្រុមហ៊ុនមេ ByteDance លក់កម្មសិទ្ធរបស់ TikTok នៅសហរដ្ឋអាមេរិក ទៅឲ្យក្រុមហ៊ុនអាមេរិក ត្រឹមថ្ងៃទី១៩ ខែមករា ឬប្រឈមមុខនឹងការហាមឃាត់៕