(ភ្នំពេញ)៖ មន្ទីរពេទ្យបាងកក បានវិនិយោគជាង200 លានបាត បង្កើតមជ្ឈមណ្ឌលវះកាត់ ជំនួយដោយមនុស្សយន្តទំនើប ប្រភេទ da Vinci Xi ដើម្បីជំរុញឱ្យការវះកាត់កាន់តែទទួលបានជោគជ័យ និងសះស្បើយលឿនជាងមុន។

តាមរយៈ បច្ចេកវិទ្យាថ្មី ដែលប្រើប្រាស់មនុស្សយន្តវះកាត់នេះ ធ្វើឱ្យអ្នកជំងឺមានលទ្ធភាពទទួលបានការវះកាត់នូវប្រភេទជំងឺមួយចំនួនដូចជា ជំងឺបេះដូង ជំងឺក្រពេញទីមុស មហារីកថ្លើម មហារីកលំពែង និងមហារីកប្រមាត់ ព្រមទាំងជំងឺរោគស្ត្រី ដូចជា ដុំសាច់ក្នុងស្បូន មហារីកស្បូន ដុំសាច់ស្បូន និងមហារីកស្បូនជាដើម។

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោមប្រធានបទ «ការវះកាត់ដោយប្រើបច្ចេកវិទ្យាថ្មីមនុស្សយន្ត» នៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត Ekkit Surakarn នាយករងមន្ទីរពេទ្យបាងកកបានលើកឡើងថា ការវិនិយោគនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់មន្ទីរពេទ្យបាងកក ក្នុងការក្លាយជាគោលដៅចម្បងសម្រាប់ការវះកាត់ជំនួយដោយមនុស្សយន្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលឈានមុខគេក្នុងការផ្តល់នូវការព្យាបាលវះកាត់ដ៏ទំនើបដល់អ្នកជំងឺនៅទូទាំងតំបន់ ព្រមទាំងមានគោលបំណងកំណត់ស្តង់ដារថ្មីនៃការថែទាំ និងកែលម្អលទ្ធភាពទទួលបាននីតិវិធីសង្គ្រោះជីវិតអ្នកជំងឺ។

បើតាម លោកវេជ្ជបណ្ឌិត Ekkit Surakarn ចាប់តាំងពីការចាប់ផ្តើមនៃកម្មវិធីវះកាត់មនុស្សយន្តមកទល់ពេលនេះ បានធ្វើឱ្យការវះកាត់ជោគជ័យជាង២០០ករណី។

លោកបានគូសបញ្ជាក់ថា «បច្ចេកវិទ្យាទំនើបនេះ បានធ្វើឱ្យការវះកាត់មានស្នាមវះតូចជាងមុន ការឈឺចាប់តិច ការជាសះស្បើយលឿនជាងមុនជាមួយនឹងការស្នាក់នៅក្នុងមន្ទីរពេទ្យរយៈពេលខ្លី និងផលវិបាកក្រោយការវះកាត់ទាបជាងបើប្រៀបធៀបទៅនឹងការវះកាត់ធម្មតា។ យើងទទួលស្គាល់ថាអាស៊ីអាគ្នេយ៍ប្រឈមមុខនឹងបញ្ហាប្រឈមផ្នែកថែទាំសុខភាពពិសេស រួមទាំងបន្ទុកកើនឡើងនៃជំងឺមហារីក ប្រជាជនវ័យចំណាស់ និងវិសមភាពក្នុងការទទួលបានការថែទាំប្រកបដោយគុណភាព។ កម្មវិធីវះកាត់មនុស្សយន្តរបស់យើងគឺផ្តោតលើការដោះស្រាយបញ្ហាប្រឈមទាំងនេះ និងផ្តល់នូវអត្ថប្រយោជន៍ និងតម្លៃជាក់ស្តែងដល់អ្នកជំងឺរបស់យើង។»

លោកបន្តថា ដោយទទួលស្គាល់សមិទ្ធិផលនៃកម្មវិធីវះកាត់មនុស្សយន្តនេះ មន្ទីរពេទ្យបាងកក មានគម្រោងពង្រីកសមត្ថភាពវះកាត់ដោយមនុស្សយន្តនេះ ដើម្បីគ្របដណ្តប់លើឯកទេសបន្ថែមទៀត ដូចជាការវះកាត់ត្រចៀក ច្រមុះ បំពង់ក ដែលនាំមកនូវអត្ថប្រយោជន៍នៃបច្ចេកវិទ្យាទំនើបនេះដល់អ្នកជំងឺ និងលក្ខខណ្ឌកាន់តែទូលំទូលាយ៕