(ភ្នំពេញ)៖ ក្រុមបាល់ទះជម្រើសជាតិអាយុក្រោម ២០ឆ្នាំកម្ពុជា បានចាកចេញពីមាតុភូមិ ឆ្ពោះទៅប្រទេសថៃ ដែលជាទឹកដីកណ្ដាល ត្រូវជួបតតាំងជាមួយក្រុមជម្រើសជាតិ U20 វៀតណាម ហើយ នៅរសៀលថ្ងៃអាទិត្យនេះ ដើម្បីត្រៀមប្រកួតដណ្ដើមកៅអីវគ្គចែកពូល នៃការប្រកួតជើងឯកអាស៊ីយុវជនអាយុក្រោម ២០ឆ្នាំ ឆ្នាំ២០២៤ (2024 Asian Men's U20 Volleyball Championship) នៅប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី២៥ ខែមិថុនាខាងមុខ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឲ្យដឹងថា នេះគឺជាការបើកទំព័រថ្មីមួយទៀត សម្រាប់ប្រវត្តិសាស្ដ្របាល់ទះកម្ពុជា ដែលបណ្ដុះឲ្យមានថ្នាលយុវជន និងបញ្ជូនចូលរួមការប្រកួតលក្ខណៈអន្ដរជាតិ ក្នុងវគ្គជម្រុះពានរង្វាន់យុវជនទ្វីបអាស៊ីថែមទៀត។ ទោះបីក្រុម U20 កម្ពុជា បានប្រមូលផ្ដុំហ្វឹកហាត់ត្រឹមរយៈពេលខ្លី តែក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធ បានដាក់ក្ដីរំពឹងខ្ពស់លើពួកគេ នឹងដាក់ចិត្តដាក់កាយ ដើម្បីប្រជែងកៅអីជុំបន្ទាប់ជូនជាតិ។

លោកបន្ដថា «ដូចខ្ញុំធ្លាប់បានបញ្ជាក់ហើយ សម្រាប់អត្តពលិកបាល់ទះ ទៅគឺដើម្បីជ័យជម្នះ អត់ទៅយកបទពិសោធន៍ទេ។ ទោះបីការប្រមូលផ្ដុំត្រឹម ៦សប្ដាហ៍ក៏ពិតមែន តែយើងបានផ្ដល់ក្ដីសង្ឃឹមឲ្យខ្លួនយើង និងផ្ដល់ក្ដីសង្ឃឹមឲ្យប្រជាពលរដ្ឋទាំង ១៧លាននាក់។ ដូច្នេះគ្រូ និងអត្តពលិករបស់យើង រួមទាំងថ្នាក់ដឹកនាំ គឺយើងនៅតែមានក្ដីសង្ឃឹម ព្រោះយើងទៅប្រកួតដណ្ដើមកៅអី មិនមែនទៅយកបទពិសោធន៍ គ្រាន់តែឈ្នះឬចាញ់ ចាំមើលជាក់ស្ដែងលើទីលាន ដោយសារវៀតណាម ក៏ហាត់ កម្ពុជា ក៏ហាត់។ ចឹងគេត្រៀមបានប៉ុនណា ជារឿងរបស់គេ តែយើងត្រូវច្បាស់ខ្លួនឯងថា យើងត្រៀមបានកម្រិតណា សម្រាប់ការប្រកួតប្រជែងនេះ»

គួរដឹងថា ជំនួបដណ្ដើមកៅអីវគ្គចែកពូល នៃព្រឹត្តិការណ៍បាល់ទះ Asian Men's U20 Volleyball Championship 2024 រវាងក្រុម U20 កម្ពុជា និង U20 វៀតណាម នឹងធ្វើឡើងតែ ១ប្រកួតប៉ុណ្ណោះ នៅកីឡដ្ឋាន Nakhon Pathom Gym ប្រទេសថៃ ហើយក្រុមទទួលបានជ័យជម្នះ នឹងឡើងទៅ U20 ថៃ, កាហ្សាក់ស្ថាន និងកូរ៉េខាងត្បូង៕