(ប៊ែកឡាំង)៖ លទ្ធផល ៣ប្រកួតក្នុង ១ក្រុមនៃវគ្គសន្សំពិន្ទុប្រចាំពូល A ក្នុងពានរង្វាន់អឺរ៉ុប Euro 2024 ត្រូវបានបិទបញ្ចប់នាយប់មិញនេះហើយ ខណៈម្ចាស់ផ្ទះអាល្លឺម៉ង់ និងស្វីស ឡើងទៅឈរចាំមុនវគ្គចាញ់-ធ្លាក់ជាបន្តទៀត។

អាល្លឺម៉ង់ បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ ទល់នឹងស្វីស បន្តឈរនៅកំពូលតារាងនៃពូល A ជាមួយនឹង ៧ពិន្ទុ តាមរយៈលេង ៣ប្រកួតក្នុងពូល ឈ្នះ២ និងស្មើ១ មិនដែលចាញ់។ អតីតជើងឯក Euro ៣សម័យមួយនេះ ត្រូវរង់ចាំប្រកួតខ្វែងពូលជាមួយក្រុមលេខ២ ពូល C ស្របពេលក្រុមលេខ២ ស្វីសត្រូវប៉ះក្រុមលេខ២ នៃពូល B សម្រាប់វគ្គ ១៦ក្រុមជាបន្ត។

ជាមួយគ្នានោះដែរ ស្កុតឡេនបានបរាជ័យក្រោមថ្វីជើងរបស់ហុងគ្រី ១ទល់នឹង០ មានត្រឹម ១ពិន្ទុឈរបាតតារាង និងក្លាយជាក្រុមដំបូងគេ ដែលហាលអាវត្រឹមវគ្គចែកពូលនេះ នៅពេលហុងគ្រីមាន ៣ពិន្ទុនៅចាំអ៊ុតលទ្ធផលទាំង ៦ពូល ចំពោះក្រុមចំណាត់ថ្នាក់លេខ៣ ល្អចំនួន ៤ក្រុម ក្នុងការប្រជែងកៅអីឡើងទៅវគ្គ ១៦ក្រុមផងដែរ។

គួរបញ្ជាក់ផងថា ការប្រកួតសន្សំពិន្ទុតាមពូលនីមួយៗ នឹងបន្តធ្វើឡើងរហូតដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ និងរកបាន ៤ក្រុមផងដែរ កក់កៅអីវគ្គបន្ទាប់ដោយស្វ័យប្រវត្តិរួមមាន អេស្ប៉ាញ និងព័រទុយហ្គាល់ រួមទាំងលទ្ធផលបញ្ចប់ពូល A មានស្វីស និងម្ចាស់ផ្ទះអាល្លឺម៉ង់៕