(បរទេស)៖ ទទួលបានរបាយការណ៍មកថា ក្រុមហ៊ុនផលិតបន្ទះឈីបកំពូល Nvidia បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនទូរគមនាគមន៍កាតា Ooredoo ដើម្បីពង្រាយបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) របស់ខ្លួននៅទូទាំងមជ្ឈមណ្ឌលទិន្នន័យក្នុងប្រទេសចំនួនប្រាំនៅមជ្ឈិមបូព៌ារួមមាន កាតា អាល់ហ្សេរី ទុយនីស៊ី អូម៉ង់ គុយវ៉ែត និងម៉ាល់ឌីវ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

នេះគឺជាការបើកដំណើរការទ្រង់ទ្រាយធំលើកដំបូងរបស់ Nvidia នៅក្នុងតំបន់ដែលសហរដ្ឋអាមេរិកបានដាក់កម្រិតលើការនាំចេញបន្ទះឈីបកម្រិតខ្ពស់ ដើម្បីការពារអង្គភាពរបស់ចិនពីការប្រើប្រាស់បណ្តាប្រទេសមជ្ឈិមបូព៌ាជាច្រកចូលទៅកាន់បច្ចេកវិទ្យា AI ដ៏ទំនើប។

យោងតាមសេចក្តីថ្លែងពីក្រុមហ៊ុន Ooredoo បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យ Ooredoo ក្លាយជាអ្នកដឹកនាំ AI ក្នុងតំបន់ ដោយអនុញ្ញាតឱ្យអតិថិជនរបស់ខ្លួនចូលប្រើដោយផ្ទាល់ទៅកាន់ AI និងសមត្ថភាពដំណើរការក្រាហ្វិករបស់ Nvidia ខណៈដែលដៃគូប្រកួតប្រជែងរបស់ពួកគេអាចនឹងមិនមានចន្លោះពី ១៨ ទៅ ២៤ខែឯណោះ។ នាយកប្រតិបត្តិ (CEO) របស់ Ooredoo លោក Aziz Aluthman Fakhroo បានសម្តែងថា កិច្ចសហការនេះនឹងពង្រឹងសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការជួយអតិថិជនក្នុងការដាក់ពង្រាយកម្មវិធី AI ជំនាន់ថ្មី។

ជាផ្នែកមួយនៃភាពជាដៃគូយុទ្ធសាស្ត្រនេះ លោក Fakhroo បាននិយាយថា Ooredoo កំពុងវិនិយោគ ១ពាន់លានដុល្លារ ដើម្បីពង្រីកសមត្ថភាពមជ្ឈមណ្ឌលទិន្នន័យក្នុងតំបន់របស់ខ្លួនដោយបន្ថែមចន្លោះពី ២០ ទៅ ២៥ មេហ្គាវ៉ាត់ពីលើ ៤០មេហ្គាវ៉ាត់ដែលមានស្រាប់នាពេលបច្ចុប្បន្ន ហើយមានគម្រោងបង្កើនសមត្ថភាពនេះជិតបីដងនៅចុងទសវត្សរ៍នេះ។

គួរជម្រាបដែរថា ក្រុមហ៊ុនទាំងនោះមិនបានបង្ហាញពីតម្លៃនៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅក្រៅវេទិកា TM ក្នុងទីក្រុង Conpenhagen កាលពីថ្ងៃទី១៩ ខែមិថុនា នោះទេ។ ខណៈពេលដែលបច្ចេកវិទ្យា Nvidia ជាក់លាក់ដែលត្រូវដាក់បញ្ចូលទៅក្នុងមជ្ឈមណ្ឌលទិន្នន័យរបស់ Ooredoo ក៏មិនត្រូវបានបង្ហាញផងដែល ការជ្រើសរើសនឹងអាស្រ័យលើភាពអាចរកបាន និងតម្រូវការរបស់អតិថិជនប៉ុណ្ណោះ៕