(ភ្នំពេញ)៖ នៅក្នុងផ្នែកមួយនៃការប្រារព្ធព្រឹត្តិការណ៍ប្រចាំសប្តាហ៍កូរ៉េ ឆ្នាំ២០២៤ ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា បានរៀបចំកម្មវិធី K-Pop World Festival Cambodia វគ្គជម្រុះ កាលពីថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៤ នៅអូឡាំព្យាម៉ល ទីក្រុងភ្នំពេញ។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា និងទទួលបានការជួយរៀបចំកម្មវិធីពីខាង K’ve Entertainment ហើយទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនចំនួន៨ ដើម្បីឱ្យព្រឹត្តិការណ៍នេះប្រព្រឹតិ្តទៅបានកាន់តែរស់រវើក និងជោគជ័យ។ កម្មវិធី K-Pop World Festival Cambodia វគ្គជម្រុះជាវេទិកាផ្លាស់ប្តូរវប្បធម៌ ដើម្បីបង្ហាញក្តីស្រឡាញ់ចូលចិត្តដ៏ធំធេងចំពោះ K-Pop។

ក្នុងព្រឹត្តិការណ៍នេះ មានបេក្ខជន-បេក្ខនារីដាក់ពាក្យចូលរួមប្រកួតសរុបចំនួន ៣៣ក្រុមសរុបមានបេក្ខជន-បេក្ខនារីចំនួន៧០រូប ហើយមានតែ ១២ក្រុមប៉ុននោះដែលជ្រើសរើសយកមកសំដែងប្រកួតបន្ទាប់ពីធ្វើការវិនិច្ឆ័យជំរុះ។ ក្រុមទាំងអស់នោះ បានបញ្ចេញនូវទេពកោសល្យ រួមបញ្ជូលនូវក្តីស្រឡាញ់ សំដែងដ៏គួរឱ្យចាប់អារម្មណ៍ជាខ្លាំងក្នុងបរិយាកាសប្រកួតប្រជែងយ៉ាងស្វិតស្វាញ។

នៅទីបំផុត ក្រុម “The Bling” បានទទួលជ័យលោភីជាមួយនឹងការបង្ហាញវត្តមាននៅលើឆាកគួរឱ្យទាក់ទាញ និងជំនាញដ៏ប៉ិនប្រសព្វរបស់ពួកគេ។ ក្រុម ”Spicy Names” ទទួលបានចំនាត់ថ្នាក់លេខ២ ដែលបានបង្ហាញពីសមត្ថភាពច្រៀង និងក្បាច់រាំរបស់ពួកគេគួរជាទីចាប់អារម្មណ៍ ខណៈដែលក្រុម “Emperor” ទទួលបានចំណាត់ថ្នាក់លេខ៣។ ជ័យលោភីនៃការប្រកួតនេះ នឹងមានឱកាសចូលរួមក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ K-Pop World Festival លើកទី១៣ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Changwon ប្រទេសកូរ៉េ ខាងមុខនេះ។

ក្រុម “The Bling” ដែលបានទទួលបានជ័យលោភីលេខ១ ក្នុងព្រឹត្តិការណ៍នេះបន្ទាប់ពីបានចូលរួមប្រកួតប្រជែងក្នុងកម្មវិធី K-Pop World Festival រយះពេល៣ឆ្នាំមកហើយ ស្តែងឱ្យឃើញថាក្តីស្រលាញ់ និងការខិតខំប្រឹងប្រែងកន្លងមកចេញជាលទ្ធផលហើយ និងបង្ហាញពីសារៈសំខាន់នៃភាពតស៊ូព្យាយាមមិនបោះបង់៕