(បរទេស)៖ ទទួលរបាយការណ៍មកថា រដ្ឋាភិបាលកាណាដាជិតនឹងដំឡើងពន្ធលើរថយន្តអគ្គិសនីដែលផលិតនៅប្រទេសចិន។ ស្ថាប័ននិយតកម្មក្នុងប្រទេសនេះបានប្រកាសកាលពីខែមុនថា ប្រទេសកាលណាដាកំពុងសម្លឹងមើលការអនុវត្តតាមការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបលើការនាំចូលរថយន្តពីប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ ArenaEV។

បើតាមសេចក្តីរាយការណ៍ពីប្រភពដែលដឹងពីព័ត៌មាននេះបានឱ្យដឹងថា ប្រទេសកាណាដានឹងអនុម័តការបង្កើនពន្ធចាប់តាំងពីការនាំចូលរថយន្តអគ្គិសនីរបស់ចិន ដោយកើនឡើងពី ១០០លានដុល្លារ CAD ក្នុងឆ្នាំ២០២២ រហូតដល់ ២.២ពាន់លានដុល្លារ CAD (ប្រហែល ១.៦ពាន់លានដុល្លារ) នៅឆ្នាំនេះ។ បច្ចុប្បន្ននេះសហភាពអឺរ៉ុប កំពុងចរចារលក្ខខណ្ឌជាមួយប្រទេសចិន មុនពេលដំឡើងពន្ធខ្ពស់ដល់ទៅ ៣៨.១ភាគរយ ខណៈពេលដែលសហរដ្ឋអាមេរិកបានឈានទៅមុខជាមួយនឹងការដំឡើងពន្ធរហូតដល់ទៅ ១០០ភាគរយឯណោះ។ ដោយឡែក ប្រទេសទួរគីមួយទៀតក៏បានធ្វើដូចគ្នានេះកាលពីដើមខែ ហើយបានណែនាំពន្ធនាំចូលដល់ទៅ ៤០ភាគរយផងដែរ។

ជុំវិញការដំឡើងពន្ធនេះ ប្រទេសចិនជឿជាក់យ៉ាងមុតមាំថា នេះគឺជាការប៉ុនប៉ងយ៉ាងម៉ឺងម៉ាត់ក្នុងការច្របាច់កសេដ្ឋកិច្ចរបស់ខ្លួន ហើយគ្រោងប្តឹងឧទ្ធរណ៍ការសម្រេចចិត្តនេះនៅក្នុងតុលាការជាមួយ WTO ។

គួរជម្រាបថា ការសម្រេចចិត្តរបស់កាណាដាកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន បានដំឡើងពន្ធយ៉ាងខ្លាំងលើការនាំចូលទំនិញរបស់ចិនតម្លៃ ១៨ ពាន់លានដុល្លារ។ ជាពិសេស រថយន្តអគ្គិសនីផលិតនៅចិន បានបង្កើនពន្ធចំនួន៤ដង ដែលធ្វើឲ្យអត្រាពន្ធសរុប មានរហូតដល់ ១០២,៥ភាគរយ៕