(ម៉ូនិច)៖ សន្តិសុខការពារសុវត្ថិភាពទាំងអស់ នឹងផ្តោតការយកចិត្តទុកដាក់លើខ្សែប្រយុទ្ធ Cristiano Ronaldo ក្នុងការប្រកួត Euro 2024 នៅរាត្រីថ្ងៃពុធ ស្អែកនេះទល់នឹងក្រុមជម្រើសជាតិហ្សកហ្ស៊ី បន្ទាប់ពីអ្នកប្រមាញ់រូបថតសែលហ្វី បានបំពានទីលានប្រកួត ក្នុងការប្រកួតរបស់ព័រទុយហ្គាល់ ដែលបានបង្កើនការព្រួយបារម្ភ អំពីសុវត្ថិភាព និងបានបង្ខំឱ្យ UEFA ដាក់ចេញវិធានការតឹងរឹង ដើម្បីការពារកីឡាករ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។
ជ័យជម្នះ ៣-០ របស់ព័រទុយហ្គាល់លើតួកគី ត្រូវបានគេមើលឃើញថា យ៉ាងហោចណាស់មានអ្នកគាំទ្រ ៦នាក់បានបំពានទីលានប្រកួត ដើម្បីថតរូបជាមួយនឹង Ronaldo អំឡុងពេល និងបន្ទាប់ពីចប់ការប្រកួត ដែលធ្វើឡើងនៅទីក្រុង Dortmund កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
«សុវត្ថិភាព និងសន្តិសុខក្នុងកីឡដ្ឋាន លើទីលានប្រកួត និងទីកន្លែងសម្រាប់ក្រុម ជាអាទិភាពខ្ពស់បំផុតរបស់ UEFA, DFB (សមាគមបាល់ទាត់អាល្លឺម៉ង់) និងព្រឹត្តិការណ៍ Euro 2024»។ នេះបើតាម UEFA បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន។
«ពីពេលនេះរហូតដល់ចប់ វិធានការសុវត្ថិភាពបន្ថែម នឹងត្រូវដាក់ពង្រាយក្នុងកីឡដ្ឋាន ដើម្បីបំពេញតម្រូវការនៃព្រឹត្តិការណ៍ និងដើម្បីការពារហេតុការណ៍បែបនេះកើតឡើងទៀត»។
សូមជម្រាបថា លទ្ធផលឈ្នះនោះបានធានាឱ្យព័រទុយហ្គាល់ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់បន្តប្រកួតវគ្គ ១៦ក្រុមចុងក្រោយ ក្នុងនាមជាក្រុមខ្លាំងក្នុងពូល F ខណៈហ្សកហ្ស៊ី ចាំបាច់ត្រូវឈ្នះ ១ប្រកួត ដើម្បីឡើងទៅវគ្គបន្តដែរ៕