(បរទេស)៖ ក្រុមហ៊ុនតន្ត្រីធំៗរួមទាំង Sony Music, Universal Music Group និង Warner Records និយាយថា Suno និង Udio​ ដែលជាក្រុមហ៊ុនបង្កេីត​ AI បានប្រព្រឹត្តការរំលោភលើសិទ្ធិអ្នកនិពន្ធលើ «ទំហំស្ទើរតែមិនអាចនឹកស្មានដល់» ដោយអះអាងថាកម្មវិធីរបស់ក្រុមហ៊ុនទាំងពីរនេះ​ លួចស្នាដៃតន្ត្រីដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយទាមទារសំណងចំនួន ១៥០,០០០ដុល្លារ​។​ នេះបេីតាមការចេញផ្សាយដោយសារព័ត៌មាន​ BBC នៅថ្ងៃទី២៥​ ខែមិថុនា​ ឆ្នាំ២០២៤។

ជុំវិញការប្តឹងផ្តល់នេះ​ ទាំង​ Suno និង Udio មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ។​ ពាក្យបណ្តឹង​នេះ​ បានប្រកាសនៅថ្ងៃចន្ទសប្តាហ៍នេះ​ ដោយសមាគមឧស្សាហកម្មតន្រ្តីរបស់អាមេរិក​ ដែលជាផ្នែកមួយនៃការទាមទារសិទ្ធឲ្យអ្នកនិពន្ធ អង្គការព័ត៌មាន និងក្រុមផ្សេងទៀតដែលកំពុងប្រកួតប្រជែង​ទាមទារសិទ្ធិពីក្រុមហ៊ុន AI ដែលយកស្នាដៃរបស់ពួកគេ​ ដោយគ្មានការអនុញ្ញាត។ ក្រុមហ៊ុន​ Suno ដែលមានមូលដ្ឋាននៅក្នុងរដ្ឋ Massachusetts បានបញ្ចេញផលិតផលដំបូងរបស់ខ្លួនកាលពីឆ្នាំមុន ហើយបានអះអាងថា​មនុស្សជាង ១០លាននាក់​ បានប្រើប្រាស់ឧបករណ៍​ AI របស់ខ្លួនដើម្បីធ្វើតន្ត្រី។

គួរជម្រាបថា​ ពាក្យបណ្តឹងនេះកើតឡើងតែប៉ុន្មានខែប៉ុណ្ណោះបន្ទាប់ពីសិល្បករប្រហែល២០០ នាក់រួមទាំង Billie Eilish និង Nicki Minaj ផងនោះ​ បានចុះហត្ថលេខាលើលិខិតមួយអំពាវនាវឱ្យបញ្ឈប់ការប្រើប្រាស់បញ្ញាសិប្បនិមិត្ត (AI) នៅក្នុងឧស្សាហកម្មតន្ត្រី​ ជាពិសេសប្រេីប្រាស់ស្នាដៃរបស់សិល្បករដោយគ្មានការអនុញ្ញាត៕