(ភ្នំពេញ)៖ ភាពរីកចម្រើននៃសមត្ថភាព និងបច្ចេកទេស គួបផ្សំការដណ្ដើមបានសមិទ្ធផលល្អប្រសើរជាបន្ដបន្ទាប់របស់ក្រុមកីឡាប្រណាំងរថយន្ដ Off-Road កម្ពុជា បានក្លាយជាឧបសគ្គរបស់គូប្រជែងក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ។ នេះបើតាមការលើកឡើងរបស់កីឡាករ ព្រំ រស្មី កំឡុងពេលកំពុងធ្វើដំណើរចូលរួមប្រកួតព្រឹត្តិការណ៍ប្រណាំងរថយន្ត Off-Road Magnificent Ten 2024 នៅខេត្តកាន់ឆាណាក់បូរី ប្រទេសថៃ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញ ។

កីឡាករដដែលបន្ដថា ឆ្លងកាត់ការចូលរួមប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ ទាំងក្នុង និងក្រៅស្រុកកន្លងមក បានធ្វើឲ្យក្រុមកីឡាករកម្ពុជា អភិវឌ្ឍសមត្ថភាព និងគុណផលគួរឲ្យកត់សម្គាល់ រហូតប្រែក្លាយការគិតរបស់កីឡាករបរទេស ដែលមិនសូវចាប់អារម្មណ៍ចំពោះសមត្ថភាពកីឡាករកម្ពុជា ឲ្យងាយមកតាមដាន សូម្បីរថយន្ដប្រកួតរបស់ក្រុមកម្ពុជា ក៏ពួកគេចាប់អារម្មណ៍ដែរ ។ ការណ៍នេះ បានជំរុញឲ្យក្រុម Off-Road កម្ពុជា ផ្ដោតការយកចិត្តទុកដាក់កាន់តែខ្លាំង ក្នុងការប្រកួតនាពេលខាងមុខ ដើម្បីឈានទៅដណ្ដើមលទ្ធផលល្អជូនជាតិ ។

លោក ព្រំ រស្មី បញ្ជាក់ថា «នេះជាប្រកួតដ៏ធំប្រចាំឆ្នាំ នៅថៃ ដោយសារលើកនេះជាការប្រកួតជាក្រុម។ ឆ្លងកាត់តាមការប្រកួតលក្ខណៈឯកត្តជនរបស់កីឡាករកម្ពុជាកន្លងមក យើងមានបទពិសោធន៍ជាច្រើន ពិសេសគឺរថយន្តកម្ពុជាពេលនេះ សុទ្ធតែបានបំពាក់លក្ខណៈបច្ចេកទេសទាន់ស៊េរីទំនើបដូចគេអស់ហើយ ។ ជាទស្សនៈរបស់ខ្ញុំផ្ទាល់ ប្រសិនបើគ្មានឧបសគ្គលើបញ្ហាម៉ាស៊ីនរថយន្តទេនោះ ក្រុមកម្ពុជានឹងអាចដណ្តើមបានចំណាត់ថ្នាក់ល្អ Top 5 ឬអាចដល់ Top 3 ជាក់ជាមិនខាន»

លោក ឈិន ឈុំសីហា ប្រធានដឹកនាំក្រុម Off-Road កម្ពុជា បានឲ្យដឹងថា បេសកកម្មលើកនេះ ក្រុមកម្ពុជាមានកីឡាករ និងក្រុមបច្ចេកទេសសរុប ២៣នាក់ ដោយមានរថយន្តប្រណាំង ៣គ្រឿង និងរថយន្តសេវាមានចំនួន ៧គ្រឿងផ្សេងទៀត។ មុនការប្រកួតមកដល់លោកបានបង្ហាញនូវសុទិដ្ឋិនិយមលើក្រុមខ្លួន ចំពោះការត្រៀមខ្លួនយ៉ាងល្អ ទាំងក្រុមកីឡាករ និងក្រុមការងារបច្ចេកទេស ដើម្បីឆ្ពោះទៅការប្រកួតប្រជែង និងដណ្ដើមចំណាត់ថ្នាក់ល្អជូនជាតិ។ លើសពីនេះ លោកក៏បានអរគុណថ្នាក់ដឹកនាំសហព័ន្ធ និងដៃគូឧបត្ថម្ភ ដែលបានគាំទ្រ និងជំរុញលើទឹកចិត្តដល់បេសកកម្មនេះផងដែរ ។

គួរដឹងថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off-Road Magnificent Ten 2024 នេះ គឺមាន ៤ប្រទេសចូលរួម ដូចជាកម្ពុជា ឡាវ ម៉ាឡេស៊ី និងម្ចាស់ផ្ទះថៃ ។ សម្រាប់ក្រុមកីឡាករកម្ពុជា មុនឈានដល់ព្រឹត្តិការណ៍អន្ដរជាតិដ៏ធំនេះ កាលពីថ្មីៗ កីឡាករ ព្រំ រស្មី ក៏ទើបទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតនៅខេត្តខាណម និងកីឡាករ វង្ស គឹមហួត ក៏ទើបដណ្ដើមបានចំណាត់ថ្នាក់លេខ១ នៅខេត្តត្រាត ប្រទេសថៃផងដែរ ៕