(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នេះ បាននាំយកថវិការបស់រាជរដ្ឋាភិបាលចំនួន ៤២៣,៧០០,០០០រៀល ប្រគល់ជូនដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីជយលាភី នៃព្រឹត្តិការណ៍កីឡាអន្ដរជាតិចំនួន ៤ផ្សេងៗគ្នា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

យោងតាមរបាយការណ៍លោក ប៊ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា សម្រាប់ជយលាភី ដែលទទួលបានប្រាក់រង្វាន់លើកទឹកចិត្តខាងលើ រួមមាន៖ ១-ការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅប្រទេសចិន កម្ពុជាដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសាកីឡាការ៉ាតេ ។ ២-ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក ឆ្នាំ២០២៣ នៅប្រទេសបេនីន កម្ពុជាឈ្នះមេដាយសំរឹទ្ធ ៣គ្រឿង ។ ៣-ការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ី លើកទី១៨ នៅប្រទេសអ៊ូបេគីស្ថាន កម្ពុជា ឈ្នះមេដាយសំរឹទ្ធ ២គ្រឿង និង ៤-ការប្រកួតកីឡាគុនល្បុក្កតោជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៣ កម្ពុជា ឈ្នះមេដាយសរុប ១១គ្រឿង (មាស ៤ ប្រាក់ ៥ និងសំរឹទ្ធ ២) ។

ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងកោតសរសើរចំពោះអគ្គនាយកដ្ឋានកីឡា អង្គភាពក្រោមឱវាទ និងមន្ដ្រីពាក់ព័ន្ធ ដែលបានខិតខំអស់ពីលទ្ធភាពសហការគ្នាបានយ៉ាងល្អជាមួយសហព័ន្ធកីឡាជាតិ និងគ្រូបង្វឹក ក្នុងការជ្រើសរើស គ្រប់គ្រង តាមដាន និងអភិវឌ្ឍធនធានកីឡាដែលមានគុណផលកីឡាកម្រិតខ្ពស់ ព្រមទាំងមានសក្ដានុពល និងបន្ដចូលរួមប្រកួតប្រជែង ដណ្ដើមបានមេដាយទាំងក្នុងតំបន់ និងពិភពលោក បន្ទាប់ពីកម្ពុជា បានសម្រេចនូវសមិទ្ធផលដ៏ធំធេង និងជោគជ័យជាប្រវត្តិសាស្ដ្រ ក្នុងព្រឹត្ដិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កន្លងទៅ ។

លោកឧបនាយករដ្ឋមន្ដ្រី បានប្តេជ្ញាចិត្តនឹងបន្ដលើកទឹកចិត្ដ ជំរុញ និងចូលរួមសម្របសម្រួលលើការស្នើសុំគោលការណ៍រៀបចំការប្រកួតជើងឯកក្នុងស្រុក និងការប្រកួតក្រៅប្រទេស ហើយក្រសួងនៅតែបន្ដផ្ដល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្ដរបស់រាជរដ្ឋាភិបាល ជូនដល់ម្ចាស់ជ័យលាភីទាំងអស់ ជាក់ស្ដែងដូចនៅថ្ងៃអង្គារនេះ ដែលលោកបាននាំយកថវិការបស់រាជរដ្ឋាភិបាលាចំនួន ៤២៣,៧០០,០០០រៀល ប្រគល់ជូនដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី ជយលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតកីឡាអាស៊ីលើកទី១៩, ជើងឯកពិភពលោក ជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ជាដើម ។

បន្ថែមលើនេះ លោកក៏បានផ្តាំផ្ញើនូវចំណុចមួយចំនួន ដើម្បីលើកកម្ពស់សមត្ថភាពគ្រូបង្វឹក និងកីឡាករ-កីឡាការិនីកម្ពុជា ស្របតាមអាទិភាពកំណែទម្រង់អភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ដូចខាងក្រោម៖

• សូមគ្រូបង្វឹក និងកីឡាករ-កីឡាការិនីកម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍វិន័យ បង្កើតទម្លាប់ហ្វឹកហាត់ជាប្រចាំ រៀនដកស្រង់បទពិសោធឧត្តមានុវត្តពីប្រទេសដទៃ និងហ៊ានសាកល្បងអ្វីដែលថ្មី ដើម្បីលើកកម្ពស់សមត្ថភាពអត្តពលិកកម្ពុជាដោយ ផ្តោតលើល្បឿន ភាពរហ័សរហួន ភាពស៊ូធន់ ការកសាងកម្លាំងថាមពល និងភាពជាក់លាក់ ស្របតាមពាក្យស្លោក «ការហ្វឹកហាត់ជាប្រចាំ នាំឱ្យខ្លាំង!»
• សូមបន្តកែលម្អទីលានហ្វឹកហាត់ ហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានជុំវិញជាប្រចាំ នាំមកនូវផាសុខភាព មានលក្ខណៈអំណោយផលល្អប្រសើរ និងក្លាយជាទីកន្លែងដ៏ពេញនិយមសម្រាប់អត្តពលិក និងអ្នកលេងកីឡា។
• សូមបន្តពង្រឹងយន្តការវាយតម្លៃជ្រើសរើសអត្តពលិកតំណាងជាតិឱ្យបានហ្មត់ចត់ និងតឹងរឹងជាទីបំផុត ដោយផ្អែកលើវិន័យ បច្ចេកទេស សមត្ថភាព និងទេព- កោសល្យ ស្របតាមគោលការណ៍ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»