(ប៊ែកឡាំង)៖ ៤ប្រកួតនាយប់មិញនេះ ក្នុងពានរង្វាន់អឺរ៉ុប Euro 2024 នៅអាល្លឺម៉ង់ ដើម្បីបិទបញ្ចប់វគ្គសន្សំពិន្ទុប្រចាំពូល C និងពូល D ស្របពេលប្រធានក្រុមមាន់គកបារាំង Kylian Mbappe ផ្តើមរកបានគ្រាប់បាល់ដំបូងក្នុងយុទ្ធនាការលើកទី១៧ នេះដែរ។

២ប្រកួតលេងបិទបញ្ចប់សន្សំពិន្ទុជុំទី៣ ប្រចាំពូល D មាន់គកបារាំង អតីតជើងឯករងកាល Euro 2016 រកបានត្រឹម ១ពិន្ទុបន្ថែមពីការលេងស្មើ ១-១ ទល់នឹងប៉ូឡូញ ដ្បិត ១គ្រាប់នោះរកបានដោយ Mbappe ផងដែរ នៅពេលគ្រាប់តាមស្មើរបស់ប៉ូឡូញវិញ ក៏រកបានដោយប្រធានក្រុម Robert Lewandowski ដោយបាល់ពិន័យប៉េណាល់ទីដូចគ្នាថែមទៀតផង ស្របពេលអូទ្រីសបន្តលេងឈ្នះលើទឹកក្រូចហូឡង់ ៣ទល់នឹង២ នាម៉ោង ១១យប់ដំណាលគ្នា។

តាមរយៈលទ្ធផលនេះដែរនាំឱ្យអូទ្រីស ឈរនៅទីកំពូលតារាងប្រចាំពូល D ដោយមាន ៦ពិន្ទុ តាមពីក្រោយដោយបារាំង មាន ៥ពិន្ទុ ទទួលបានកៅអីម្នាក់១ ដើម្បីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយដូចគ្នា ខណៈហូឡង់ចាំអ៊ុតលទ្ធផលទាំង ៥ពូលផ្សេងទៀត។

រីឯ ២ប្រកួតដើម្បីបិទបញ្ចប់វគ្គសន្សំពិន្ទុប្រចាំពូល C វិញ តោកំណាចអង់គ្លេសលេងស្មើ ០-០ ទល់នឹងស្លូវេនី ស្របពេលដាណឺម៉ាក ក៏ស្មើគ្នាជាមួយនឹងស៊ែប៊ី ០-០ ក្នុងប្រកួតទី៣ របស់ពួកគេរៀងគ្នាដែរ។ លទ្ធផលនេះបានធ្វើឱ្យអង់គ្លេស អតីតក្រុមរងជើងឯក Euro 2020 បន្តឈរទីកំពូលតារាងជាមួយនឹង ៥ពិន្ទុ តាមពីក្រោយដោយក្រុមជម្រើសជាតិដាណឺម៉ាក មាន ៣ពិន្ទុស្មើគ្នាជាមួយក្រុមលេខ៣ ស្លូវេនី។ ដាណឺម៉ាក ឈរពីលើស្លូវេនី ដោយសារទទួលបានកាតតិចជាង ក្រោយឆ្លងកាត់ ៣ប្រកួតដូចគ្នាសន្សំពិន្ទុក្នុងពូល៕