(ម៉ូនិច)៖ ការប្រកួតវគ្គសន្សំពិន្ទុតាមពូលនីមួយៗពីពូល A ដល់ពូល F នៅពានរង្វាន់អឺរ៉ុប Euro 2024 ដែលមានអាល្លឺម៉ង់ធ្វើម្ចាស់ផ្ទះនោះ នឹងបិទបញ្ចប់នៅរាត្រីនេះហើយ ស្របពេល ២ប្រកួតប្រចាំពូល E នឹងមានភាពតានតឹងខ្លាំងឡើង។

២ប្រកួតនៅក្នុងពូល E ដែលនឹងធ្វើការប្រកួតម៉ោង ១១យប់នេះដំណាលគ្នា គឺជាការជួបគ្នារវាងក្រុមស្លូវ៉ាគី និងរ៉ូម៉ានី ស្របពេលប៊ែលហ្សិក ត្រូវប៉ះអ៊ុយក្រែន ដ្បិតក្រុមទាំង ៤នេះ សុទ្ធសឹងតែមាន ៣ពិន្ទុក្នុងដៃដូចៗគ្នាតែម្តង។ ១ប្រកួតចុងក្រោយនារាត្រីនេះ គឺពិតជាសំខាន់ណាស់ ក្នុងការប្រជែងកៅអីឡើងទៅវគ្គ ១៦ក្រុមជាបន្តទៀត ជាមួយនឹងតំណែងលេខ១ និងលេខ២ ឡើងស្វ័យប្រវត្តិ ខណៈក្រុមលេខ៣ ចាំអ៊ុតលទ្ធផលរវាង ៥ពូលផ្សេងទៀតផងដែរ។

ចំណែកឯ ២ប្រកួត លេងដើម្បីបិទបញ្ចប់វគ្គសន្សំពិន្ទុប្រចាំពូល F ចុងក្រោយគេវិញ គឺជាការជួបគ្នារវាងសាធារដ្ឋឆេក និងតួកគី ស្របពេលព័រទុយហ្គាល់ អតីតជើងឯក Euro 2016 ត្រូវលេងបង្រ្គប់កិច្ចទល់នឹងហ្ស៊កហ្ស៊ី ចាប់ផ្តើមម៉ោង ២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា)។

គួរបញ្ជាក់ផងថា គិតមកទល់នឹងពេលនេះ រកបាន ៩ក្រុមហើយ ក្នុងការកក់កៅអីឡើងវគ្គ ១៦ក្រុមស្វ័យប្រវត្តិសម្រាប់ Euro 2024 ក្រោយឆ្លងកាត់ការប្រកួតសន្សំពិន្ទុទាំង ៦ពូលតាំងពីថ្ងៃទី១៤ ខែមិថុនាមកដោយរួមមាន ម្ចាស់ផ្ទះអាល្លឺម៉ង់ អេស្ប៉ាញ ដាណឺម៉ាក ព័រទុយហ្គាល់ បារាំង អូទ្រីស អង់គ្លេស ស្វីស និងក្រុមការពារតំណែងជើងឯក អ៊ីតាលី៕