(បរទេស)៖ ក្រុមហ៊ុនផលិត ChatGPT គឺ OpenAI បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួនកំពុងពន្យារពេលចេញផ្សាយមុខងារ «Voice Mode» រហូតដល់ខែកក្កដា ដោយសារបញ្ហាបច្ចេកទេស ខណៈដំបូងឡើយមុខងារនេះ គ្រោងបញ្ចេញនៅក្នុងខែមិថុនា សម្រាប់អ្នកប្រើប្រាស់ ChatGPT Plus។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។

OpenAI បានប្រកាសនៅលើបណ្តាញសង្គម X ថា «យើងកំពុងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់មុខងារនេះ ក្នុងការរកឃើញ និងបដិសេធខ្លឹមសារជាក់លាក់ណាមួយ។ យើងក៏កំពុងធ្វើការលើការកែលម្អបទពិសោធន៍អ្នកប្រើប្រាស់ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់យើងឱ្យមានទំហំដល់រាប់លាននាក់...»

ក្រុមហ៊ុនបានឲ្យដឹងថា មុខងារនេះដំបូងនឹងត្រូវបានបញ្ចេញទៅកាន់អ្នកប្រើប្រាស់មួយក្រុមតូច ដើម្បីប្រមូលមតិកែលម្អ ហើយនឹងត្រូវបានបញ្ចេញទៅកាន់អ្នកប្រើប្រាស់គម្រោង Plus ទាំងអស់នៅក្នុងរដូវស្លឹកឈើជ្រុះ ដោយស្ថិតនៅក្រោមការត្រួតពិនិត្យសុវត្ថិភាព និងភាពជឿជាក់។ នៅក្នុងខែឧសភា ក្រុមហ៊ុននេះបាននិយាយថា ខ្លួននឹងបញ្ចេញនូវគំរូ AI ថ្មីមួយដែលមានឈ្មោះថា GPT-4o ដែលមានសមត្ថភាពសន្ទនាជាសំឡេងជាក់ស្តែង និងអាចធ្វើអន្តរកម្មតាមរយៈអត្ថបទ និងរូបភាព ដែលជាការផ្លាស់ប្តូរចុងក្រោយបំផុតរបស់ខ្លួន ដើម្បីបន្តឈានទៅមុខក្នុងការប្រកួតប្រជែងលើបច្ចេកវិទ្យា AI ដែលកំពុងរីកចម្រើន។

គួរជម្រាបថា សម្រាប់មុខងារសំឡេងថ្មីនេះ នឹងអាចឱ្យអ្នកប្រើប្រាស់និយាយទៅកាន់ ChatGPT និងទទួលបានការឆ្លើយតបតាមពេលវេលាជាក់ស្តែង ដោយមិនបង្អង់យូរឡើយ តែយ៉ាងណា នៅពេលនេះមុខងារសំឡេងនេះ កំពុងស្ថិតក្នុងការកែលម្អរ ដើម្បីត្រៀមដាក់ចេញនៅរយៈពេលប៉ុន្មានខែខាងមុខនេះ៕