(បរទេស)៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា វិនិយោគិនផ្នែកបច្ចេកវិទ្យាជប៉ុន Vision Fund 2 របស់ SoftBank គ្រោងវិនិយោគចន្លោះពី ១០លានដុល្លារទៅ ២០លានដុល្លារនៅក្នុងកម្មវិធីស្រាវជា្រវបញ្ញាសិប្បនិម្មិត (AI) ដ៏ធំមួយរបស់អាមេរិកដែលមានឈ្មោះថា Perplexity AI ខណៈកម្មវិធីនេះមានតម្លៃខ្លួនរហូតដល់ទៅ ៣ពាន់លានដុល្លារឯណោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

មនុស្សដែលដឹងអំពីព័ត៌មាននេះបានឱ្យដឹងថា ការវនិយោគរបស់ SoftBank គឺជាផ្នែកមួយនៃប្រមូលមូលនិធិចំនួន ២៥០លានដុល្លារ។ យ៉ាងណាមិញជុំវិញកិច្ចព្រមព្រៀងនេះនៅមិនទាន់បញ្ចប់នៅឡើយនោះទេ ហើយប្រភពបានបង្ហើបថា មានលក្ខណ្ឌមួយចំនួននិងអាចផ្លាស់ប្តូរ។

កម្មវិធីបញ្ញាសិប្បនិម្មិត Perplexity AI មានមូលដ្ឋាននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ មានសមត្ថភាពពិសេសដែលអាចផ្តល់ឱ្យអ្នកប្រើប្រាស់នូវឧបករណ៍ស្វែងរកដែលផ្តល់ចម្លើយភ្លាមៗជាមួយនឹងប្រភព និងការដកស្រង់ច្បាស់លាស់/ ពិត។ វាត្រូវបានដំណើរការដោយគំរូភាសាធំៗជាច្រើនដែលអាចសង្ខេប និងបង្កើតព័ត៌មានដូច OpenAI និងគំរូភាសា LIama របស់ Meta។

គួរជម្រាបថា កាលពីខែមករា ឆ្នាំ២០២៤កន្លងទៅកម្មវិធីបញ្ញាសិប្បនិម្មិត Perplexity AI បានរៃអង្គាសប្រាក់បាន ៧៣.៦លានដុល្លារពីក្រុមវិនិយោគដោយក្នុងនោះរួមមាន Nvidia និងស្ថាបនិក Amazon លោក Jeff Bezos៕