(ភ្នំពេញ)៖ កម្ពុជា បានឈ្នះមេដាយមាសលើកដំបូង នៅក្នុងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២១ ឆ្នាំ២០២៤ (ASEAN University Game 2024) នៅទីក្រុង Surabaya ប្រទេសឥណ្ឌូនេស៊ី នាល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

មេដាយមាសក្របខណ្ឌកីឡានិស្សិតអាស៊ានដំបូង សម្រាប់កម្ពុជានេះ ដណ្ដើមបានដោយកីឡាករប៉េតង់ ពុធយ៉ុន ច័ន្ទដារ៉ា បន្ទាប់ពីយកឈ្នះគូប្រកួតជាបន្ដបន្ទាប់ ពិសេសគឺបានយកឈ្នះកីឡាករថៃ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីគ្រងមេដាយមាស លើវិញ្ញាសាឯកត្ដជនបុរស ១នាក់ ទល់ ១នាក់តែម្ដង។

ទន្ទឹមជាមួយគ្នាដែរ កីឡាការិនីប៉េតង់ ហៀង វិជ្ជនី ក៏ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿងផងដែរ បន្ទាប់ពីប្រកួតឈ្នះកីឡាការិនីថៃ ក្នុងវគ្គដណ្ដើមចំណាត់ថ្នាក់លេខ៣ លើវិញ្ញាសាវាយយកពិន្ទុនារីនៅល្ងាចថ្ងៃព្រហស្បតិ៍នេះដែរ។

សរុបលទ្ធផលក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃកន្លងមក ពេលនេះ ក្រុមកីឡានិស្សិតកម្ពុជា ដណ្ដើមបានមេដាយសរុប ៣គ្រឿងបណ្ដោះអាសន្ន រួមមានមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ១។ សម្រាប់មេដាយប្រាក់ គឺដណ្ដើមបានដោយកីឡាការិនីយូដូ កែវ វ៉ាន់ឌឿន លើវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៤៨គីឡូក្រាមកាលពីម្សិលមិញ។

សូមបញ្ជាក់ថា ការប្រកួតកីឡានិស្សិតក្របខណ្ឌអាស៊ានខាងលើ ចាប់ផ្ដើមពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ លើ ២១ប្រភេទកីឡា។ សម្រាប់កម្ពុជា បានបញ្ជូនប្រតិភូសរុប ៤៥នាក់ កលើ ៦ប្រភេទកីឡាចូលរួមប្រកួត រួមមានកីឡាប៉េតង់, កីឡាតេក្វាន់ដូ WT, កីឡាអត្តពលកម្ម, កីឡាហែលទឹក និងកីឡាយូដូ ដែលដឹកនាំដោយលោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានប្រតិភូ៕