(ទីប៊ីលីស៊ី)៖ លោក Bidzina Ivanishvili​ ជាអតីតនាយករដ្ឋមន្ត្រីប្រទេសហ្សកហ្ស៊ី បានប្រកាសផ្តល់ប្រាក់រង្វាន់ ៨.៤លានផោនទៅកាន់ក្រុមបាល់ទាត់ជម្រើសជាតិ បន្ទាប់ពីពួកគេបានយកឈ្នះលើគូប្រជែងព័រទុយហ្គាល់ នៅព្រឹត្តិការណ៍ Euro 2024។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។

ហ្សកហ្ស៊ី ដែលដឹកនាំដោយអតីតខ្សែការពារបារាំង Willy Sagnol បានយកឈ្នះព័រទុយហ្គាល់ ក្នុងលទ្ធផល ២-០ នៅទីក្រុង Gelsenkirchen កាលពីថ្ងៃពុធ ដើម្បីឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ ជាវគ្គដែលពួកគេត្រូវប៉ះអេស្ប៉ាញ។

លោក Ivanishvili ដែលបានបង្កើតគណបក្សនយោបាយ Georgian Dream និងបានក្លាយជានាយករដ្ឋមន្ត្រីហ្សកហ្ស៊ី ក្នុងឆ្នាំ២០១២ នោះបានលើកឡើងថា ការយកឈ្នះលើព័រទុយហ្គាល់ គឺជា «ជោគជ័យប្រវត្តិសាស្ត្រ និងក្តីសុបិន»។

បុរសវ័យ ៦៨ឆ្នាំរូបនេះបានប្រកាសថា លោកនឹងឧបត្ថម្ភប្រាក់ ៨.៤លានផោន (៣០លានឡារីហ្សកហ្ស៊ី) បន្ថែមទៀតទៅកាន់ក្រុមជម្រើសជាតិ និងបុគ្គលិកគ្រូបង្វឹក ប្រសិនបើពួកគេបន្តយកឈ្នះលើក្រុមអេស្ប៉ាញទៀត។

លោក Ivanishvili ជាមហាសេដ្ឋី បានកើតនៅទឹកដីហ្សកហ្ស៊ី និងបានបង្កើតទ្រព្យសម្បត្តិដ៏ច្រើនមហាសាល ក្នុងប្រទេសរុស្ស៊ី ក្នុងទសវត្សរ៍១៩៩០ ជាមួយនឹងការវិនិយោគ ក្នុងវិស័យធនាគារ, កុំព្យូទ័រ និងលោហធាតុ។

ទ្រព្យសម្បត្តិរបស់លោក ត្រូវបានប៉ាន់ស្មានដោយស្ថាប័ន Forbes គឺមានប្រមាណ៣.៨៧ពាន់លានផោន ហើយគណបក្ស Georgian Dream បានបញ្ជាក់ថា ការបរិច្ចាគនេះ នឹងធ្វើឡើងចេញពីមូលនិធិសប្បុរសធម៌ របស់លោក Ivanishvili។

បើទោះបីជាលោកបានលាលែងពីតំណែងនាយករដ្ឋមន្ត្រី បន្ទាប់ពីកាន់បានត្រឹម១២ខែក្តី, Ivanishvili នៅតែមានឥទ្ធិពល ក្នុងបក្សកាន់អំណាច នៃប្រទេសរបស់លោក ខណៈលោកជាប្រធានកិត្តិយសបក្ស។

​សូមបញ្ជាក់ថា ហ្សកហ្ស៊ី ដែលបានចូលប្រកួតលើកដំបូង ក្នុងព្រឹត្តិការណ៍ European Championship នោះ នឹងត្រូវប៉ះអេស្ប៉ាញ នៅទីក្រុង Cologne នៅថ្ងៃអាទិត្យសប្តាហ៍នេះ៕