(មេនឆេស្ទឺ)៖ ប្រធានក្រុម Manchester United ផ្នែកនារី កីឡាការិនី Katie Zelem នឹងចាកចេញពីក្លិប បន្ទាប់ពីកិច្ចសន្យារបស់នាងផុតកំណត់ ក្រោយពីលេងបាន ៦ឆ្នាំ។ នេះបើតាមការបញ្ជាក់ពីក្លិបលេងនៅលីគ Women's Super League (WSL) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។

ខ្សែបម្រើអង់គ្លេស Zelem វ័យ ២៨ឆ្នាំ បានចូលរួមជាមួយបិសាចក្រហម United ក្នុងឆ្នាំ២០១៨ ដោយបានជួយឱ្យក្លិបឡើងទៅលេងនៅលីគ WSL ក្នុងការបង្ហាញខ្លួនរបស់នាង ក្នុងរដូវកាលដំបូង។

នាងរកគ្រាប់បាន ៣២គ្រាប់ ក្នុងការបង្ហាញខ្លួន ១៦១លើក និងបានដឹកនាំក្រុមឈ្នះពានរង្វាន់ Women's FA Cup ជាលើកដំបូងរបស់ពួកគេកាលពីខែឧសភា។

United បានប្រកាសក្នុងសប្តាហ៍នេះដែរថា ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Lucia Garcia ដែលលេងជាកីឡាការិនីសំខាន់ ក្នុងភាពជោគជ័យរបស់ក្រុមកាលពី ២រដូវកាលចុងក្រោយនោះ ក៏នឹងចាកចេញពីក្លិប នៅពេលចប់ខែមិថុនានេះផងដែរ៕