(វ៉ាស៊ីនតោន)៖ ក្រុមបាល់ទាត់ជម្រើសជាតិប៉ាណាម៉ា បានធ្វើការវាយបកឈ្នះម្ចាស់ផ្ទះសហរដ្ឋអាមេរិក ២-១ ក្នុងប្រកួតនារាត្រីថ្ងៃព្រហស្បតិ៍ ដើម្បីបន្តក្តីសង្ឃឹមឡើងទៅវគ្គ ៨ក្រុមជាបន្តទៀតនៃពានរង្វាន់ជើងឯក Copa America 2024។

៣ពិន្ទុលើកដំបូងក្នុងចំណោម ២ប្រកួតប្រចាំពូល C នេះដែរ ញាំងឱ្យប៉ាណាម៉ាមាន ៣ពិន្ទុស្មើក្រុមលេខ២ អាមេរិកផងដែរ ក្រោយឆ្លងកាត់ ២ប្រកួតរួចមកដូចគ្នា ស្របពេលក្រុមកំពូលតារាងអ៊ុយរ៉ាហ្គាយ ត្រូវប៉ះក្រុមបាតតារាងបូលីវីនាថ្ងៃសុក្រនេះ ក្នុងប្រកួតទី២ របស់ពួកគេដែរ។

ប្រភពព័ត៌មានពីគេហទំព័រ Sportstar បានឱ្យដឹងថា ការប្រកួតដែលត្រូវបានធ្វើឡើងនៅទីក្រុង Atlanta អាមេរិកដែលនៅសល់សមាជិកតែ ១០នាក់គិតត្រឹមនាទី១៨ មកបានបើកការនាំមុខ ១គ្រាប់មុននៅនាទី២២ មុនពេល ៤នាទីបន្ទាប់ ត្រូវបានគូប្រជែងប៉ាណាម៉ាតាមស្មើវិញ នៅមុនបញ្ចប់វគ្គទី១។

យ៉ាងណាក៏ដោយ ការប្រកួតសម្រាប់វគ្គទី២ បានអូសបន្លាយរហូតដល់នាទី៨៣ ទើបរកឈ្នះ-ចាញ់ឃើញ នៅពេលប៉ាណាម៉ារកបានបាល់គ្រាប់ទី២ មុនឈានដល់បាត់បង់សមាជិកម្នាក់នៅ ៥នាទីបន្ទាប់ ក្នុងនាមជាក្រុមដែលបានចាញ់អ៊ុយរ៉ាហ្គាយនៅថ្ងៃបើកឆាកពូល C មកនោះ។

តាមរយៈលទ្ធផលនេះដែរ បានធ្វើឱ្យម្ចាស់ផ្ទះអាមេរិកត្រូវការជ័យជម្នះពេលប៉ះក្រុមគឺឡូធ្ងន់មកពីតំបន់អាមេរិកឡាទីន គឺអ៊ុយរ៉ាហ្គាយ នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ស្របពេលប៉ាណាម៉ា ក៏ត្រូវការជ័យជម្នះច្រើនគ្រាប់ទៅលើបូលីវីផងដែរ នាម៉ោងដំណាលគ្នានៅថ្ងៃប្រកួតបិទពូល C៕