(ភ្នំពេញ)៖ មន្ទីរពេទ្យអឃីត (Orchid Hospital) នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈយោគយល់ជាមួយ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

ពិធីចុះអនុស្សរណៈនេះ ប្រព្រឹត្តទៅនៅមន្ទីរពេទ្យអឃីត ក្រោមអធិបតីភាពលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា និងលោក EMERSON M. MAR នាយកប្រតិបត្តិមន្ទីរពេទ្យអឃីត ព្រមទាំងមានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំ ដែលជាតំណាងស្ថាប័នទាំងពីរផងដែរ។

តាមរយៈអនុស្សរណៈនេះ មន្ទីរពេទ្យអឃីត មានការផ្តល់ជូនពិសេសដល់សមាជិក-សមាជិកាគណៈ មេធាវី បុគ្គលិកគណៈមេធាវី និងក្រុមគ្រួសារផ្ទាល់ សម្រាប់សេវាថែទាំសុខភាពស្រ្តី កុមារ និងក្រុមគ្រួសារ។

ដើម្បីទទួលបានការផ្តល់ជូនពិសេស សមាជិក-សមាជិកាគណៈមេធាវី បុគ្គលិក គណៈមេធាវី និងក្រុមគ្រួសារផ្ទាល់ គ្រាន់តែបង្ហាញឯកសារសម្គាល់អត្តសញ្ញាណរួមមាន កាតសម្គាល់ខ្លួនមេធាវី កាតសម្គាល់បុគ្គលិកគណៈមេធាវី ឬសៀវភៅគ្រួសារ សម្រាប់សមាជិក គ្រួសារផ្ទាល់។

លោក លី ច័ន្ទតុលា មានប្រសាសន៍ថា «សុខភាពជាកត្តាសំខាន់បំផុត ដែលអនុញ្ញាតឱ្យយើងមាន លទ្ធភាពសកម្មក្នុងការប្រកបវិជ្ជាជីវៈ និងចូលរួមបម្រើវិស័យយុត្តិធម៌ ព្រមទាំងសុភមង្គលនៅក្នុងជីវភាព ប្រចាំថ្ងៃផងដែរ។ អនុស្សរណៈនេះ រួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខុមាលភាពសមាជិក-សមាជិកាគណៈមេធាវី បុគ្គលិកគណៈមេធាវី និង ក្រុមគ្រួសារ តាមរយៈការទទួលបានសេវាសុខភាព ប្រកបដោយគុណភាព និងការផ្តល់ជូន នូវតម្លៃពិសេស»

លោក EMERSON M. MAR មានប្រសាសន៍ថា «អនុស្សរណៈនេះ ជាចំណុចសំខាន់របស់ មន្ទីរពេទ្យអឃីត ក្នុងការសហការជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្ដល់សេវាថែទាំ សុខភាពប្រកបដោយគុណភាព ក្នុងតម្លៃពិសេសជូនដល់សមាជិក-សមាជិកាគណៈមេធាវី បុគ្គលិក គណៈមេធាវី និង ក្រុមគ្រួសារ នៅសាខាទាំងពីររបស់មន្ទីរពេទ្យអឃីត។ ជាមួយនឹងការសហការនេះ យើងខ្ញុំសង្ឃឹមថាសមាជិក-សមាជិកាគណៈមេធាវី បុគ្គលិកគណៈមេធាវី និង ក្រុមគ្រួសារ នឹងទទួលបានជម្រើស នៃសេវាវេជ្ជសាស្រ្តដ៏ល្អសម្រាប់ពួកគាត់។ នៅអឃីត អ្នកអាចជឿជាក់និងប្រាកដថា បុគ្គលិករបស់យើងគ្រប់ផ្នែក ប្រកាន់ភ្ជាប់នូវស្ដង់ដារខ្ពស់បំផុត នៃការអនុវត្តសេវាវេជ្ជសាស្រ្ត ដើម្បីឲ្យអ្នកជំងឺមានអារម្មណ៍កក់ក្ដៅ ក្នុងការទទួលសេវាថែទាំ»

អំពីមន្ទីរពេទ្យ អឃីត

មន្ទីរពេទ្យ អឃីត ជាមន្ទីរពេទ្យឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា ដែលប្តេជ្ញាផ្តល់សេវាថែទាំសុខភាព ប្រកបដោយគុណភាពខ្ពស់ សម្រាប់ស្រ្តី កុមារ និងក្រុមគ្រួសារ។

បង្កើតឡើងក្នុងឆ្នាំ ២០១៧ មន្ទីរពេទ្យ អឃីត មានឯកទេសផ្នែក សម្ភព រោគស្រ្តី ទារក និងកុមារ ផ្នែកត្រចៀក ច្រមុះ បំពង់ក និងជំងឺទូទៅ ការវះកាត់ទូទៅ និងដោយចោះ សេវាអមវេជ្ជសាស្រ្ត រួមមានរូបភាពវេជ្ជសាស្រ្ត និងមន្ទីរពិសោធន៍ សេវាកម្មផ្ទះលំហែមាតុភាព និងកំពុងពង្រីកបន្ថែម នូវសេវាកម្មមួយចំនួនទៀត ទៅតាមតម្រូវការ និងការស្នើសុំរបស់អតិថិជន។

មន្ទីរពេទ្យ អឃីត មានឧបករណ៍វេជ្ជសាស្រ្តទំនើបៗ ជាមួយបច្ចេកវិទ្យាសេរីចុងក្រោយ ដែលអាចវិភាគ និងបង្ហាញលទ្ធផលប្រកបដោយភាពច្បាស់លាស់ និងទំនុកចិត្តដល់អតិថិជនក្នុងការ កំណត់រោគវិនិច្ឆ័យផ្សេងៗ។

បច្ចុប្បន្នមន្ទីរពេទ្យ អឃីត មានវេជ្ជបណ្ឌិត និងបុគ្គលិកទាំងអស់ជាង ៣០០ នាក់កំពុងបម្រើការងារជូន ដល់បងប្អូនពេញ២៤ម៉ោង និងមាន២ទីតាំងងាយស្រួលស្វែងរក៖

ទី១៖ គឺមន្ទីរពេទ្យ អឃីតកោះពេជ្រ មានទីតាំងនៅក្នុងបុរីអេលីហ្សេ កោះពេជ្រ និង
ទី២៖ គឺមន្ទីរពហុព្យាបាល និងសម្ភព អឃីតសែនសុខ មានទីតាំងនៅបណ្ដោយផ្លូវ១០០៧ កែងផ្លូវ១៩៥២ (ប្រហែល៣នាទីពីផ្សារទំនើប អ៊ីអនសែនសុខ រាជធានីភ្នំពេញ)

ព័ត៌មានបន្ថែមពីសេវាកម្ម របស់មន្ទីរពេទ្យអឃីត ឬការសាកសួរនាំផ្សេងៗ សូមទាក់ទងមកហ្វេសប៊ុកផេក Orchid Koh Pich Hospital ឬតាមរយ:លេខតេឡេក្រាម 086 999 173