(ប៊ែកឡាំង)៖ ខ្សែបម្រើឆ្នើម Phil Foden បានវិលចូលជំរំហ្វឹកហាត់តោកំណាចអង់គ្លេសវិញហើយ ក្រោយបំពេញកាតព្វកិច្ចគ្រួសាររួចរាល់ ដើម្បីត្រៀមជួបក្រុមជម្រើសជាតិស្លូវ៉ាគី ក្នុងវគ្គ ១៦ក្រុមចុងក្រោយពានរង្វាន់អឺរ៉ុប Euro 2024 នៅរាត្រីថ្ងៃអាទិត្យខានស្អែកនេះ។

ប្រភពព័ត៌មានពីគេហទំព័រកីឡា BBC បានចេញផ្សាយថា បុរសវ័យ ២៤ឆ្នាំ ដែលបានចូលរួមជាមួយអង់គ្លេសនាអំឡុងខែកញ្ញា ឆ្នាំ២០២០ មកនោះ បានធ្វើដំណើរទៅអាល្លឺម៉ង់វិញហើយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រោយពេលវិលមកអង់គ្លេស ដើម្បីមើលថែភរិយាឆ្លងទន្លេកូនទី៣ របស់លោករួចមក។

ខ្សែបម្រើវ័យក្មេង Foden ដែលត្រូវបានជ្រើសរើសចេញពីក្លិបក្នុងស្រុក Manchester City បានចូលលេងជាមួយអង់គ្លេស ៣៧ប្រកួតមកហើយ ជាមួយនឹងការបង្ហាញខ្លួនទាំង ៣ប្រកួតសន្សំពិន្ទុពូល C ទៀតផងនៅពាន Euro លើកទី១៧ នេះដែលបានរួមចំណែកជួយអតីតជើងឯករង Euro 2020 មួយនេះឈរទីកំពូលតារាងទៀតផង។

រូបគេក៏ជាសមាជិកសំខាន់ក្នុងក្រុមរបស់លោក Gareth Southgate ដែលត្រៀមប៉ះស្លូវ៉ាគី ក្នុងវគ្គចាញ់-ធ្លាក់ ១៦ក្រុមចុងក្រោយនាម៉ោង ១១យប់ថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា) ដ្បិត Foden ក៏បានចូលរួមហ្វឹកហាត់ជាមួយក្រុមនៅថ្ងៃសុក្រនេះដែរ៕