(បរទេស)៖ ក្រុមហ៊ុន Meta ម្ចាស់បណ្តាញសង្គម Facebook បានប្រកាសថា ខ្លួននឹងពិចារណាបិទមាតិកាព័ត៌មានក្នុងប្រទេសអូស្រ្តាលី ប្រសិនបើរដ្ឋាភិបាលប្រទេសនេះ តម្រូវឲ្យបង់ថ្លៃអាជ្ញាប័ណ្ណ។ នេះបើតាមការបញ្ជាក់របស់តំណាងក្រុមហ៊ុន Meta ដែលបានប្រាប់ទៅកាន់ សភានៅថ្ងៃសុក្រសប្តាហ៍នេះ ហើយត្រូវបានដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។

ប្រធានផ្នែកគោលនយោបាយរបស់ក្រុមហ៊ុន Meta លោកស្រី Mia Garlick បាននិយាយថា «ជម្រើសជាច្រើនកំពុងស្ថិតនៅលើតុ»។ ការថ្លែងបែបនេះរបស់លោកស្រី គឺបន្ទាប់ពីត្រូវបានសួរនាំ ថាតើក្រុមហ៊ុន Meta នឹងបិទមាតិកាព័ត៌មាននៅអូស្ត្រាលីឬ ដើម្បីជៀសវៀងការបង់ថ្លៃអាជ្ញាប័ណ្ណ។ លោកស្រីបានសង្កត់ធ្ងន់ថា «មានគេហទំព័រជាច្រើន ដែលមនុស្សអាចស្វែងរកព័ត៌មានបាន»។ Meta កំពុងរង់ចាំទីក្រុង Canberra ដើម្បីសម្រេចថាតើនឹងអនុវត្តច្បាប់ ឆ្នាំ២០២១របស់ខ្លួន ដែលផ្តល់ឱ្យរដ្ឋាភិបាលនូវសិទ្ធិក្នុងការកំណត់ថ្លៃអាជ្ញាប័ណ្ណ ដល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកសម្រាប់មាតិកាព័ត៌មានឬអត់ ខណៈបច្ចុប្បន្ន ក្រុមហ៊ុន Meta កំពុងរងចាំសេចក្តីសម្រេចពីរដ្ឋាភិបាលអូស្ត្រាលី។

គួរជម្រាបថា ក្រុមហ៊ុន Meta បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់អូស្ត្រាលីជាច្រើន រួមទាំង News Corp និងក្រុមហ៊ុន Australian Broadcasting Corp នៅពេលដែលច្បាប់នេះ ត្រូវបាននាំយកមកក្នុងប្រទេសអូស្ត្រាលី ប៉ុន្តែចាប់តាំងពីពេលនោះមក បាននិយាយថា ខ្លួននឹងមិនបន្តកិច្ចសហការនេះលើសពីឆ្នាំ២០២៤ឡើយ៕