(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ១៦ឆ្នាំកម្ពុជា បានត្រឹមឈរលេខ២ ក្នុងពូល B ប៉ុណ្ណោះ បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិ U16 ប្រ៊ុយណេ ៦-០ ស្របពេលក្រុម U16 វៀតណាម បានយកឈ្នះ U16 មីយ៉ាន់ម៉ា ៥-១ ក្នុងការប្រកួតបញ្ចប់វគ្គសន្សំពិន្ទុដំណាលគ្នា នៅល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៦ឆ្នាំ (ASEAN U16 Boy’s Championship) ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូនេស៊ី ។

ជំនួបដ៏សំខាន់ ដែលក្រុមគោព្រៃជំទង់កម្ពុជា ទាមទារជ័យជម្នះច្រើនគ្រាប់ ដើម្បីក្ដោបឱកាសប្រជែងកៅអីវគ្គបន្ដនេះ ទោះបីក្រុមយុវជនកម្ពុជា មានប្រៀប និងព្យាយាមបង្កើតឱកាសស៊ុតជាច្រើនលើក តែអាចទម្លាយរបាំងការពារក្រុមបាតតារាង U16 ប្រ៊ុយណេ ត្រឹម ៥គ្រាប់ប៉ុណ្ណោះ ដោយកីឡាករ នឹម អូរវ៉ាន់ដា នៅនាទីទី៤, សែត មហាម៉ាត់សឡេះ នៅនាទី១២, គ្រាប់បាល់ Own Goal នៅនាទី១៦, កីឡាករ ថាច់ ដារ៉ូ នៅនាទី៥៨, កីឡាករ ឌឿន ជីតុង នៅនាទី៦៧ និងកីឡាករ គា វិសាខា នៅនាទី៨៣ ។

ការបន្ថែម ៣ពិន្ទុនេះ កម្ពុជាបានត្រឹមឈរលេខ២ ក្នុងពូល B ដោយមាន ៧ពិន្ទុស្មើក្រុមកំពូលតារាងវៀតណាម តែចាញ់ប្រៀបគ្រាប់បាល់ចំណេញ ។ យ៉ាងណាមិញ កម្ពុជា បានឡើងឈរកំពូលតារាងក្រុមលេខ២ ល្អជាងគេ ក្នុងចំណោម ៣ពូល ដោយមានគ្រាប់បាល់ចំណេញ ៧គ្រាប់ ។ ការណ៍នេះ កម្ពុជា ត្រូវរង់ចាំអ៊ុតលទ្ធផលការប្រកួតបញ្ចប់ពូល C នាថ្ងៃស្អែក ដោយក្រុម U16 ថៃ ត្រូវជួបម៉ាឡេស៊ី និងអូស្ដ្រាលី ត្រូវជួបទីម័រខាងកើត ។

បច្ចុប្បន្នពូល C ក្រុម U16 ថៃ ឈរកំពូលតារាងមាន ៤ពិន្ទុ និងគ្រាប់បាល់ចំណេញ ៦គ្រាប់ ខណៈយុវជន U16 អូស្ដ្រាលី ឈរលេខ២ មាន ៤ពិន្ទុស្មើគ្នា និងមានគ្រាប់បាល់ចំណេញ ២គ្រាប់ ។ តាមរយៈលទ្ធផលនេះ កម្ពុជាអាចនៅមានសង្ឃឹមឡើងវគ្គបន្ដ លុះត្រាក្រុមឈរលេខ២ នៃពូល C ក្រោយបញ្ចប់ការប្រកួតថ្ងៃស្អែក មានពិន្ទុតិចជាង ៧ពិន្ទុ ឬមានគ្រាប់បាល់ចំណេញតិចជាង ៧គ្រាប់ ប្រសិនបើក្រុមឈរលេខ២ ពូល C រកបាន ៧ពិន្ទុដូចគ្នា ៕