(ម៉ាទ្រីដ)៖ Lamine Yamal បានជួយឱ្យអេស្ប៉ាញ ឡើងទៅវគ្គបន្ត នៃព្រឹត្តិការណ៍ Euro 2024 ប៉ុន្តែកីឡាករវ័យ ១៦ឆ្នាំរូបនេះ មិនភ្លេចកិច្ចការសាលារបស់លោកឡើយ ដោយខ្សែបម្រើស្លាបក្លិប Barcelona រូបនេះ បានប្រកាសថា លោកបានប្រឡងជាប់កម្រិតមធ្យមសិក្សាហើយ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។

Yamal ដែលបានចូលលេងជាមួយ FC Barcelona និងបានស្ថិតក្នុងជម្រើស ១១នាក់ដំបូង របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងរដូវកាលនេះនោះ បានក្លាយជាកីឡាករវ័យក្មេងជាងគេ ដែលលេងនៅព្រឹត្តិការណ៍ European Championship នៅពេលដែលអេស្ប៉ាញ បានយកឈ្នះក្រូអាត ក្នុងការប្រកួតបើកឆាកក្នុងពូលរបស់ពួកគេ។

កីឡាករវ័យក្មេងរូបនេះ បានខិតខំប្រឹងប្រែង និងធ្វើបានយ៉ាងល្អទាំងភារកិច្ចលើទីលាន និងក្រៅទីលាន។

«ខ្ញុំប្រឡងជាប់ហើយ» Yamal បានប្រាប់វិទ្យុអេស្ប៉ាញ Onda Cero។

អេស្ប៉ាញ ជាក្រុមមួយក្នុងចំណោមក្រុម ដែលគេរំពឹងនឹងដណ្តើមពានរង្វាន់ បន្ទាប់ពីបានក្លាយជាក្រុមតែមួយគត់ ដែលបានឈ្នះទាំង ៣ប្រកួតរបស់ពួកគេនៃការប្រកួតសន្សំពិន្ទុក្នុងពូល។ ពួកគេបានយកឈ្នះលើក្រុមការពារតំណែងជើងឯកអ៊ីតាលី និងក្រូអាត។

​អេស្ប៉ាញ នឹងត្រូវប៉ះហ្សកហ្ស៊ី ក្នុងវគ្គ ១៦ក្រុមចុងក្រោយ ហើយអាចនឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ ក្នុងវគ្គ ៨ក្រុមចុងក្រោយផងដែរ៕