(ភ្នំពេញ)៖ សហគ្រិនខ្មែរ ដែលជាស្ថាប័នបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ រាជរដ្ឋាភិបាលក្នុងគោលបំណងជំរុញ ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនឲ្យរស់រវើកនៅកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសមាគមអ្នកផលិតអាហារកម្ពុជា (CFMA) សមាគមសហគ្រិនស្ដ្រីកម្ពុជាខេត្តកោះកុង (CWEA) និងអង្គការ iDE Cambodia។ កិច្ចសហការនេះបង្ហាញពីការចាប់ផ្តើមនៃគម្រោង «ជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព» ដែលជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការកែលម្អជីវភាព របស់ប្រជាពលរដ្ឋរស់នៅតំបន់ឆ្នេរ។

គម្រោង «ជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព» ត្រូវបានរៀបចំឡើង ដើម្បីបង្កើនភាពធន់នឹង អាកាសធាតុ និងនិរន្តរភាពនៃធនធានជលផលសមុទ្រ នៅតំបន់ឆ្នេរក្នុងប្រទេសកម្ពុជា។ គម្រោងនេះផ្តោតលើខេត្តជាប់មាត់សមុទ្រចំនួនបួន នៃប្រទេសកម្ពុជាគឺ ខេត្តកំពត ខេត្តកែប ខេត្តកោះកុង និងខេត្តព្រះសីហនុ ក្នុងគោលបំណងកែប្រែការធ្លាក់ចុះយ៉ាងគំហុក នៃធនធានជលផលសមុទ្រ ដែលនេសាទបាន ជំរុញការធ្វើវារីវប្បកម្មសមុទ្រប្រកបដោយនិរន្តរភាព និងធ្វើឲ្យប្រសើរឡើង នូវផែសហគមន៍ ឬទីតាំងសម្រាប់ប្រមូលជលផលសមុទ្រ ដើម្បីកែលម្អគុណភាព និងសុវត្ថិភាពផលិតផលសមុទ្រ។
គម្រោងនេះរំពឹងថាប្រមាណ ៤០% នៃការនេសាទនៅតំបន់ឆ្នេរសមុទ្រនឹងត្រូវបានកែលម្អឲ្យបានប្រសើរឡើងវិញ ប្រែក្លាយទៅជាការនេសាទ ដែលមានផលិតភាព និងនិរន្តរភាពជាងមុន រួមចំណែកយ៉ាងសំខាន់ដល់ការបន្សាំ ទៅនឹងការប្រែប្រួលអាកាសធាតុ។

លើសពីនេះ គម្រោងនឹងជំរុញការអភិវឌ្ឍវិស័យឯកជន ដោយផ្តល់លើកកម្ពស់សហគមន៍ និងអាជីវកម្មខ្នាតតូចនៅតំបន់ឆ្នេរ ដើម្បីធ្វើពិពិធកម្មជីវភាពរស់នៅរបស់ពួកគេ ទទួលយកការអនុវត្តប្រកបដោយនិរន្តរភាព និងវិវត្តទៅជាសហគ្រាស។ គម្រោងនេះត្រូវបានរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍នេសាទ (CFis) ចំនួន២៥ និងសហគមន៍តំបន់ការពារធម្មជាតិ (CPAs) ចំនួន ១៥ ដែលជួយដល់គ្រួសារប្រជានេសាទប្រមាណ ២០ ០០០ គ្រួសារ និងសមាជិកសហគមន៍ផ្ទាល់ប្រមាណ ២០០ ០០០នាក់។

បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានថ្លែងថា «ក្នុងរយៈពេលប្រាំឆ្នាំនៃប្រតិបត្តិការ សហគ្រិនខ្មែរ បានវិវត្តទៅជាថ្នាលជាតិ ក្នុងការជំរុញសហគ្រិនភាព នៅទូទាំងប្រទេសកម្ពុជា។ សហគ្រិនខ្មែរបាន និងកំពុងសហការយ៉ាងសកម្មជាមួយដៃគូរអភិវឌ្ឍ នៅក្នុងប្រព័ន្ធអេកូឡូស៊ី ដើម្បីគាំទ្រសហគ្រិនរបស់យើងនៅគ្រប់កម្រិត រួមទាំងសហគ្រិននៅក្នុងសហគមន៍ផងដែរ។ សហគ្រិនខ្មែរមានសេចក្តីរំភើបរីករាយ ក្នុងការចាប់ផ្តើមគំនិតផ្តួចផ្តើមថ្មីនេះ ក្រោមកិច្ចសហការជាមួយស្ថាប័នដៃគូ និងសង្ឃឹមថាគម្រោងនេះនឹងជំរុញការបង្កើតសកម្មភាពអាជីវកម្ម និងសហគ្រាសឲ្យកាន់តែច្រើននៅក្នុងសហគមន៍នេសាទ (CFis) និងសហគមន៍តំបន់ការពារធម្មជាតិ (CPAs)។

ចំពោះគម្រោងនេះ សហគ្រិនខ្មែរនឹងផ្តោតលើការជួយដល់កំណើននៃធុរកិច្ចថ្មី សហគ្រាសធុនតូចនិងមធ្យម (SMEs) សហគមន៍នេសាទ និងសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងតំបន់ឆ្នេរនៃប្រទេសកម្ពុជា។ កិច្ចការងារនេះនឹងសម្រេចបានតាមរយៈកម្មវិធីស្នូលចំនួនបួនរួមមាន ការលើកកម្ពស់វប្បធម៌សហគ្រិន ការអភិវឌ្ឍសមត្ថភាពសហគ្រិន ការកសាងបណ្តាញធុរកិច្ច ព្រមទាំង ការចូលក្នុងទីផ្សារ និងការទទួលបានមូលនិធិ។ ការគាំទ្រនឹងត្រូវធ្វើឡើងក្រោមទម្រង់ផ្សេងៗរួមទាំង សកម្មភាពផ្សព្វផ្សាយ សិក្ខាសាលាស្តីពីនិរន្តរភាពធនធានជលផល ការបណ្ដុះបណ្ដាលផ្នែកអាជីវកម្ម ការអភិវឌ្ឍអាជីវកម្មសហគមន៍ ការផ្សារភ្ជាប់ទីផ្សារ ការបណ្តុះបណ្តាលអំពីសុវត្ថិភាពចំណីអាហារ មូលនិធិសម្រាប់ការចាប់ផ្ដើមអាជីវកម្ម និងការស្តារហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងសហគមន៍នេសាទ និងសហគមន៍តំបន់ការពារធម្មជាតិ។

លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា បានថ្លែងថា «សមាគមមាន សេចក្តីរំភើបរីករាយ ក្នុងការសហការជាមួយសហគ្រិនខ្មែរ និងចូលរួមជាមួយគម្រោង «ជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព»។ កិច្ចសហការនេះមានគោលបំណងជំរុញការរីកចម្រើនរបស់សហគមន៍នេសាទ (CFis) និងសហគមន៍តំបន់ការពារធម្មជាតិ (CPAs)។ សមាគមប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ ការកែច្នៃចំណីអាហារគ្មានកាកសំណល់ (zero-waste) ការរួមបញ្ចូលបច្ចេកទេសតម្លៃបន្ថែម និងការពង្រឹងវិធានការធានាគុណភាព ដើម្បីសម្រេចបានស្ដង់ដារនៃនិរន្តរភាព»

លោកស្រី ថុង ណាត់ស្យា ប្រធានសមាគមសហគ្រិនស្រី្តកម្ពុជា សាខាខេត្តកោះកុង បានថ្លែងថា សមាគមមានកិត្តិយសយ៉ាងក្រៃលែង ដែលបានចូលរួមជាដៃគូសហការជាមួយ សហគ្រិនខ្មែរ ក្នុងការជួយជំរុញដល់ការអភិវឌ្ឍអាជីវកម្ម របស់សហគ្រាសធុនតូច និងមធ្យម ដែលមានម្ចាស់អាជីវកម្មជាស្រ្តីនៅក្នុងខេត្តកោះកុង»។

សមាគមសង្ឃឹមយ៉ាងមុតមាំថា ភាពជាដៃគូនេះនឹងអាចជួយពង្រឹងលើស្តង់ដា ក្នុងសង្វាក់ផលិតកម្ម សិប្បកម្មនានា ជាពិសេស វិស័យម្ហូបអាហារ។ ក្នុងនោះដែរ សមាគមយើងក៏មានផែនការ ចូលរួមពង្រឹងទៅលើវិស័យទេសចរណ៍ក្នុងខេត្ត ឲ្យកាន់តែមានសក្តានុពល ស្របជាមួយនឹងគោលការណ៍របស់ សហគ្រិនខ្មែរ ដែលផ្តល់អាទិភាពដល់ដៃគូ ដែលមានទីតាំងនៅជាប់តំបន់ឆ្នេរសមុទ្រ។

នាយកប្រចាំប្រទេសអង្គការ iDE Cambodia លោក Kevin Robbins បានលើកឡើងដោយមោទនភាពថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយសហគ្រិនខ្មែរ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ អង្គការ iDE។ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ត្រួសត្រាយផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការដ៏គួរឲ្យរំភើបរវាងអង្គភាពទាំងពីរ ជាមួយនឹងបេសកកម្ម និងចក្ខុវិស័យរួម ឆ្ពោះទៅកាន់ការគាំទ្រដល់សហគ្រិនក្នុងស្រុក និងប្រព័ន្ធអេកូឡូស៊ីសហគ្រិន។ ជាពិសេស នេះគឺជាឱកាសដ៏ល្អមួយសម្រាប់កម្មវិធី SHE របស់យើង ដែលជាកម្មវិធីមួយ ផ្តោតលើការផ្តល់ការគាំទ្រដល់សហគ្រិន ប្រកបដោយភាពវៃឆ្លាតផ្នែកយេនឌ័រ តាមរយៈការបណ្តុះបណ្តាលអាជីវកម្ម និងការពន្លឿនអាជីវកម្ម និងគំនិតផ្តួចផ្តើមផ្សេងៗទៀត ក្នុងការសហការជាមួយសហគ្រិនខ្មែរ សំដៅគាំទ្រដល់សហគមន៍តំបន់ឆ្នេរនៃប្រទេសកម្ពុជា។

លោកថា «យើងពិតជា កោតសរសើរចំពោះឱកាសសហការជាមួយ សហគ្រិនខ្មែរ ហើយយើងនឹងធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងធន់នៅក្នុងតំបន់ឆ្នេរនៃប្រទេសកម្ពុជា តាមរយៈការពង្រឹងសហគ្រិនភាព នៅក្នុងសហគមន៍ទាំងនោះ»