(ឡុងដ៍)៖ គូប្រជែងក្នងលីគ Premier League គឺ Aston Villa បានឈានដល់កិច្ចព្រមព្រៀងជាមួយតោខៀវ Chelsea ជាផ្លូវការហើយ ក្នុងការទិញយកខ្សែការពារស្លាបឆ្វេង Maatsen ក្នុងតម្លៃ ៣៥លានផោន។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

កីឡាករវ័យទើបតែ ២២ឆ្នាំរូបនេះ ត្រូវបាន Chelsea ដាក់ឱ្យលេងតែ ១៦លើកប៉ុណ្ណោះ ក្រោយចុះកិច្ចសន្យានាំយកពីក្លិបហូឡង់ PSV Eindhoven កាលឆ្នាំ២០១៩ មុនពេលត្រូវបញ្ជូនលេងខ្ចីជើងនៅក្លិប Charlton Athletic, Coventry City, Burnley និងចុងក្រោយនេះ Borussia Dortmund ជាដើម។

Maatsen ក៏ជាសមាជិកមួយរូបដែលបានរួមចំណែកជួយ Dortmund ឈានទៅផ្តាច់ព្រ័ត្រ UEFA Champions League រដូវកាលឆ្នាំ២០២៣-២០២៤ នោះដែរ ទោះចាញ់ Real Madrid ក្តី ក្នុងនាមកីឡាករលេងខ្ចីជើងនារដូវកាលមុន។ មួយវិញទៀត ខ្សែការពាររូបនេះក៏ត្រៀមជួយទឹកក្រូចហូឡង់លេងវគ្គ ១៦ក្រុមនៅ Euro 2024 ទល់នឹងរូម៉ានី នៅរាត្រីថ្ងៃអង្គារសប្តាហ៍ក្រោយដែរ។

រូបគេបានក្លាយជាសមាជិកថ្មីទី២ ជាមួយ Aston Villa ស្ថិតក្រោមការបង្វឹករបស់លោក Unai Emery បន្ទាប់ពីការមកដល់របស់ខ្សែប្រយុទ្ធ Lewis Dobbin ពីក្លិបស្ករគ្រាប់ Everton៕