(បរទេស)៖ ចិនហាក់កំពុងទទួលជោគជ័យមួយកម្រិតទៀត នៃការពង្រីកទីផ្សារថយន្តអគ្គិសនីមានតម្លៃសមរម្យរបស់ខ្លួន ទៅកាន់តំបន់អឺរ៉ុប ខណៈទិន្នន័យចុះបញ្ជីរថយន្ត EV ចុងក្រោយបង្អស់ពីអឺរ៉ុបបង្ហាញថា ម៉ូដែលដែលផលិតដោយប្រទេសចិនកំពុងខិតជិតមួយភាគប្រាំនៃរថយន្តអគ្គិសនី ដែលលក់នៅទីផ្សារអឺរ៉ុបទាំងមូលរួចទៅហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Insider EV នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។

តម្លៃ​រថយន្ត​អគ្គិសនី​ថ្មីមួយចំនួនធំ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ខ្ពស់​ពេក ដែលធ្វើឲ្យតម្រូវការ​​​​​ប្រើប្រាស់រថយន្តអគ្គិសនីត្រូវ​បាន​កំណត់​ឬ​ដក​ចេញ​ក្នុង​ទីផ្សារ​ជា​ច្រើន។ ប៉ុន្តែងាកមកម៉ូដែលដែលមានតម្លៃសមរម្យដែលផលិតដោយប្រទេសចិន ត្រូវបានគេមើលឃើញថានឹងក្លាយជាជម្រើសដ៏ល្អសម្រាប់អ្នកប្រើប្រាស់ផង និងដើម្បីរក្សាទីផ្សារឱ្យរីកចម្រើនផង។ របាយការណ៍បានកត់សម្គាល់ថា នៅក្នុងខែឧសភា ការចុះបញ្ជីថ្មីនៃរថយន្តអគ្គិសនីទាំងអស់ ដែលផលិតដោយប្រទេសចិនបានកើនឡើង២៥% ពីមួយឆ្នាំទៅមួយឆ្នាំដល់ជិត ២៨,០០០គ្រឿង ដោយមានចំណែកប្រហែល ១៨.៥% នៃការលក់រថយន្តអគ្គិសនីប្រចាំខែឧសភា នៅអឺរ៉ុប ក្នុងឆ្នាំ២០២៤នេះ។

គួរជម្រាបថា ការកើនឡើង ២៥% នេះបង្ហាញថា ប្រទេសចិនកំពុងពង្រីកទីផ្សាររបស់ខ្លួននៅក្រៅប្រទេសបានយ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងនេះ ការចុះបញ្ជីរថយន្តអគ្គិសនីដែលផលិតនៅតាមបណ្តារប្រទេសនានាក្រៅពីប្រទេសចិន បានថយចុះ ១៦% ពីមួយឆ្នាំទៅមួយឆ្នាំ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលមួយទៀតគឺថា Tesla Model Y ដែលផលិតក្នុងស្រុកនៅអឺរ៉ុប បានថយចុះយ៉ាងខ្លាំង ៤៦% ពីមួយឆ្នាំទៅមួយឆ្នាំ។

យោងតាមរបាយការណ៍ដាច់ដោយឡែកពី Dataforce ក៏បានបង្ហាញដែរថា ម៉ាកយីហោ Tesla ទាំងមូលធ្លាក់ចុះ ៣៧%។ ទោះជាយ៉ាងណាក៏ដោយ Model 3 ដែលត្រូវបានកែលម្អឡើងវិញគឺកើនឡើង ២៥% ដែលត្រូវបានគេរំពឹងថា តាមរយៈ Model 3 នេះនឹងកើនឡើងក្នុងរយៈពេលដ៏ខ្លីនេះ មុនពេលការដំឡើងពន្ធខ្ពស់ត្រូវបានអនុវត្ត៕