(មេនឆេស្ទើ)៖ ក្រុមបាល់ទាត់ប្រចាំទីក្រុង Manchester របស់អង់គ្លេសជាមួយគ្នារួមមាន Manchester United និង Manchester City ត្រូវបានបញ្ជាក់យ៉ាងច្បាស់ពីសហព័ន្ធប្រចាំទ្វីបអឺរ៉ុប UEFA ដោយទទួលបានសិទ្ធិលេងពានអឺរ៉ុបនារដូវកាលដូចធម្មតា។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ប្រភពព័ត៌មានខាងលើបានចុះផ្សាយថា ក្លិបទាំងពីរនេះមានម្ចាស់ដែលមានភាគហ៊ុនក្នុងក្លិបអឺរ៉ុបលើសពីពីរ ដោយគាប់ជួន ក្លិបរបស់ពួកគេគ្រប់គ្រងនោះ សុទ្ធតែទទួលបានកៅអីលេងពានអឺរ៉ុប វគ្គចែកពូលដោយស្វ័យប្រវត្តិថែមទៀត ដែលខុសទៅនឹងច្បាប់របស់ UEFA ដែលបានចែង។

តែយ៉ាងណា កាលពីថ្ងៃសុក្រម្សិលមិញនេះ ស្ថាប័នគ្រប់គ្រងហិរញ្ញវត្ថុ UEFA ដែលហៅកាត់ថា CFCB បានគូសបញ្ជាក់ ដោយការដាក់កម្រិតទៅលើវិនិយោគិន និងឥទ្ធិពលនៃម្ចាស់ក្លិប Girona និង Nice ដែលនឹងនាំឱ្យត្រូវតាមច្បាប់របស់ស្ថាប័នខាងលើវិញបាន។

នេះមានន័យថា ភាគហ៊ុនក្នុងក្លិបទាំងពីរខាងលើត្រូវបានកាត់បន្ថយជាបណ្តោះអាសន្ន ដោយស្ថាប័នឯករាជ្យ ដោយស្ថិតក្រោមការឃ្លាំងមើលពីសំណាក់ CFCB ថែមទៀតផង។

សំណើរបស់ CFCB នេះដែរ ត្រូវបានទទួលការឯកភាពពីក្រុមហ៊ុន City Football Group ម្ចាស់ក្លិប Man City និង Girona រួមទាំងលោក Sir Jim Ratcliffe ម្ចាស់ក្រុមហ៊ុន Ineos ក្នុងក្លិប Man United និង Nice នោះ នោះពួកគេនឹងមិនអាចធ្វើការដោះដូរកីឡាករចាប់ពីខែកក្កដា ឆ្នាំ២០២៤ ដល់ខែកញ្ញា ឆ្នាំ២០២៥ បានឡើយ ទោះតាមរយៈការទិញដាច់ និងលក្ខណៈខ្ចីជើងក៏ដោយ៕