(ឡុងដ៍)៖ ក្លិបបាល់ទាត់អង់គ្លេស AFC Bournemouth បានយល់ព្រមលើតម្លៃ ១២.៦លានផោន ជាមួយនឹងក្លិបអ៊ីតាលី Juventus សម្រាប់ការនាំយកខ្សែការពារ Dean Huijsen។ នេះបើយោងតាមសារព័ត៌មាន BBC ចេញខ្សែនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។

កិច្ចព្រមព្រៀននេះអាចកើនតម្លៃដល់ ១៥.២លានផោនជាមួយប្រាក់បន្ថែម សម្រាប់ខ្សែការពារកណ្ដាលរូបនេះ ដែលឥឡូវនេះ ត្រូវធ្វើការពិនិត្យសុខភាព ជាមួយនឹងក្លិប Bournemouth។

កីឡាករវ័យ ១៩ឆ្នាំរូបនេះ នឹងក្លាយជាកីឡាករទី៦ ដែលបានចុះកិច្ចសន្យា ជាមួយក្លិបដែលលេងនៅលីគកំពូលអង់គ្លេស Premier League ក្នុងរដូវក្តៅនេះ បន្ទាប់ពីក្លិបបានចុះកិច្ចសន្យាជាមួយកីឡាករ Luis Sinisterra, Enes Unal, Alex Paulsen, Daniel Jebbison និងកីឡាករ Koby Mottoh។

កីឡាករ Huijsen ដើមកំណើតហូឡង់ ហើយទទួលបានសញ្ជាតិអេស្ប៉ាញនៅឆ្នាំនេះ បានចាប់ផ្ដើមអាជីពរបស់លោក នៅក្លិបអេស្ប៉ាញ Costa Unida និងបានផ្លាស់ទៅក្លិប Malaga ក្នុងឆ្នាំ២០១៥ មុនពេលចូលរួមជាមួយ Juventus ៣ឆ្នាំមុន ដោយដំបូងឡើយបានលេង ក្នុងក្រុម U-17 របស់ក្លិប៕