(ភ្នំពេញ)៖ ក្រុមកីឡាការិនីអេឡិចត្រូនិកកម្ពុជា ដែលមានរហស្សនាមថា អ្នកចម្បាំងអង្គរ បានត្រឡប់មកដល់មាតុភូមិវិញហើយ នៅថ្ងៃទី២១ ខែវិច្ឆិកានេះ ក្រោយបើកទំព័រប្រវត្តិសាស្ដ្រឈ្នះមេដាយប្រាក់លើកដំបូង ក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក ជើងឯកពិភពលោក លើកទី១៦ (IESF 16th World Esports Championship 2024) លើវិញ្ញាសា Mobile Legends: Bang Bang ផ្នែកនារី នៅប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីតកាលពីថ្មីៗ។

លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានឲ្យដឹងថា ការប្រកួត IESF WEC 2024 នៅប្រទេសរ៉ាប់ប៊ីសាអ៊ូឌីតនេះ គឺជាជុំចុងក្រោយ បន្ទាប់ពីជម្រុះបានក្រុមខ្លាំង ១២ក្រុមជុំវិញពិភពលោកចូលរួមការប្រកួតផ្ទាល់ ពីថ្ងៃទី១៦-២០ ខែវិច្ឆិកា នៅរាជធានីរីយ៉ាត ក្នុងនោះក៏មានក្រុមនារីអ្នកចម្បាំងអង្គររបស់កម្ពុជាផងដែរ ក្រោយបញ្ចប់ត្រឹមជើងឯករង សម្រាប់ការប្រកួតជម្រុះប្រចាំតំបន់អាស៊ាននាពេលកន្លងមក។

លោកបន្ដថា ការប្រកួតជុំចុងក្រោយនេះ ក្រុមកីឡាការិនីកម្ពុជា បានធ្វើការងារធ្ងន់ ហើយលោកបានស្ងើចសរសើរពីការតស៊ូ និងព្យាយាម ទោះបីស្ទើរអស់ឱកាសដណ្ដើមមេដាយ ក្រោយធ្លាក់ទៅលេងកម្រិត Lower Bracket តែពួកគេបានខំប្រឹង រហូតឡើងដល់វគ្គផ្ដាច់ព្រ័ត្រ។ តាមរយៈនេះ លោកបានទម្លាយពីភាពខ្លាំងចំនួន២ ដែលក្រុមកីឡាការិនីអេឡិចត្រូនិកកម្ពុជា បានជម្នះ រហូតឈ្នះមេដាយប្រាក់ពិភពលោកជាប្រវត្តិសាស្ដ្រ។

អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា «ខ្ញុំសូមកោតសរសើរពួកគាត់ បើធៀបឆ្នាំមុន ឆ្នាំនេះឃើញថា ខុសគ្នាឆ្ងាយ សឹងថា ៦០ ទៅ ៧០% គឺកម្លាំងការប្រកួតរបស់ពួកគាត់ មានការសាមគ្គីគ្នាបានល្អ អត់ចាញ់ប្រៀបមុនការប្រកួត មានឆន្ទៈខ្ពស់។ ជាក់ស្ដែងសមាជិកម្នាក់ មុនប្រកួតជាមួយកីឡាការិនីអេហ្ស៊ីប គាត់មានបញ្ហាសុខភាព តែតាមរយៈការតស៊ូមិនបោះបង់របស់គាត់ គាត់អាចធ្វើបាន រហូតវាយបកឈ្នះអេហ្ស៊ីប ២-១ ដើម្បឈានទៅវគ្គផ្ដាច់ព្រ័ត្រតែម្ដង»

តាមរយៈភាពជោគជ័យ នៃការប្រកួតខាងលើ សហព័ន្ធបានប្ដេជ្ញានឹងបន្ដជំរុញយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់កីឡាការិនីទាំងអស់ ត្រូវបន្ដខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមការប្រកួតជើងឯកអាស៊ី នៅប្រទេសថៃ នាពេលឆាប់ៗខាងមុខ ក៏ដូចជាការប្រកួតអន្ដរជាតិផ្សេងៗទៀត នាឆ្នាំក្រោយ ដើម្បីសម្រួចសមត្ថភាព និងបច្ចេកទេសកាន់តែប្រសើរ សម្រាប់ដំណើរត្រៀមឆ្ពោះទៅប្រជែងមេដាយកីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ នាឆ្នាំ២០២៥ ខាងមុខ។

សូមរំឮកថា បន្ទាប់ពីធ្វើបានយ៉ាងល្អ ក្នុងវគ្គជម្រុះក្នុងពូល ក៏ដូចជាការប្រកួតបន្ដបន្ទាប់ ក្រុមកីឡាការិនីកម្ពុជា បានរងបរាជ័យក្រោមថ្វីដៃក្រុមរួមតំបន់ឥណ្ឌូនេស៊ី ក្នុងវគ្គផ្ដាច់ព្រ័ត្រ ២-០។ ការណ៍នេះក្រុមនាមក្រុមជើងឯក (មេដាយមាស) ឥណ្ឌូនេស៊ី ទទួលបានប្រាក់រង្វាន់ ៥ម៉ឺនដុល្លារ, ក្រុមកីឡាការិនីម្ពុជា ឈ្នះមេដាយប្រាក់ អមប្រាក់រង្វាន់ ២,៥ម៉ឺនដុល្លារ និងអេហ្ស៊ីប ឈ្នះមេដាយសំរឹទ្ធ អមប្រាក់រង្វាន់ ១,៥ម៉ឺនដុល្លារ។ ចំណែកអ៊ុយក្រែន ជាប់លេខ៤ បាន ១ម៉ឺនដុល្លារ, នេប៉ាល់ និងអារ៉ាប់ប៊ីសាអ៊ូឌីត ជាប់លេខ៥ និងលេខ៦ បាន ៧,៥០០ដុល្លារដូចគ្នា៕