(បរទេស)៖ កំពូលមហាសេដ្ឋីមានជាងគេបំផុតលើពិភពលោក Elon Musk បានប្រកាសនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X នៅថ្ងៃព្រហស្បតិ៍នេះថា ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនរ៉ុក្កែត SpaceX ឥឡូវនេះនឹងមានវត្តមានជាផ្លូវការនៅក្នុងទីក្រុង Starbase រដ្ឋតិចសាស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។
គេបានដឹងថា កាលពីខែកក្កដាកន្លងទៅ លោក Musk បានប្រកាសថា លោកកំពុងផ្លាស់ប្តូរទីស្នាក់ការកណ្តាលនៃក្រុមហ៊ុនចំនួនពីរ គឺវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X និងក្រុមហ៊ុនរ៉ុក្កែត SpaceX ពីរដ្ឋកាលីហ្វ័រញ៉ាទៅរដ្ឋតិចសាស់ ដោយលើកឡើងពីការមិនពេញចិត្តនឹងការអនុវត្តច្បាប់ ក្នុងរដ្ឋកាលីហ័្វញ៉ា។ មហាសេដ្ឋីរូបនេះធ្លាប់និយាយថា រិយាល័យធំរបស់ SpaceX នឹងផ្លាស់ទៅកន្លែងដែលមានស្រាប់នៅ Boca Chica រដ្ឋ Texas ខណៈដែល X នឹងផ្លាស់ទៅ Austin ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ទំហំការងារ ឬសម្ភារៈបរិក្ខារក្នុងរដ្ឋកាលីហ្វ័រញ៉ា នឹងផ្ទេរទៅរដ្ឋតិចសាស់ចំនួនប៉ុន្មានភាគរយនោះ គេនៅមិនតាន់ដឹងច្បាស់នោះទេ។
នេះមិនមែនជាលើកទី១ទេ ដែលមហាសេដ្ឋីរូបនេះតែងតែផ្លាស់ប្តូរការិយាល័យក្រុមហ៊ុនរបស់ខ្លួនពីរដ្ឋមួយទៅរដ្ឋមួយ ពោលកាលពីឆ្នាំ២០២១ Musk បានផ្លាស់ប្តូរទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Tesla ពីរដ្ឋកាលីហ្វ័រញ៉ាទៅរដ្ឋតិចសាស់ផងដែរ ប៉ុន្តែបាននិយាយថា រដ្ឋកាលីហ្វ័រញ៉ានឹងនៅតែជាមជ្ឈមណ្ឌលវិស្វកម្មរបស់ខ្លួនដដែរ។
គួរជម្រាបថា ថ្មីៗនេះ Elon Musk ទើបតែជាប់ឈ្មោះក្លាយជាមនុស្សដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលមានទ្រព្យសម្បត្តិច្រើនជាង ៤៤០ពាន់លានដុល្លារ ពោលគឺមានច្រើនជាងស្ថាបនិក Microsoft លោក Bill Gates និង Jeff Bezos មេ Amazon រួមបញ្ចូលគ្នា។ ទ្រព្យសម្បត្តិរបស់លោក Musk ត្រូវបានគេមើលឃើញថា បានកើនឡើងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ បន្ទាប់ពីលោក Donald Trump ទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក៕