(ភ្នំពេញ)៖ រាល់ពេលនឹកដល់ពាក្យ «អាវុធ» ប្រជាពលរដ្ឋទូទៅរមែងសំដៅដល់វត្ថុ ឬឧបករណ៍ណាមួយដែលត្រូវបានបង្កើតឡើង ឬ ប្រើប្រាស់ក្នុងគោលបំណងបង្កគ្រោះថ្នាក់ ។ ខណៈពេលដែលកាំភ្លើង គ្រឿងផ្ទុះ និងកាំបិត ត្រូវបានទទួលស្គាល់ជាទូទៅថាជាអាវុធ ក្នុងនោះក៏មានវត្ថុជាច្រើនប្រភេទផ្សេងទៀត ដែលត្រូវបានចាត់ទុកដូចអាវុធផងដែរ អាស្រ័យទៅលើរបៀបដែលត្រូវបានប្រើប្រាស់ក្នុងស្ថានភាពជាក់លាក់ណាមួយ ។
ដូច្នេះ នៅក្នុងប្រព័ន្ធច្បាប់នៃប្រទេសជាច្រើន រួមទាំងប្រទេសកម្ពុជាផងដែរ ច្បាប់មិនត្រឹមតែកំណត់និយមន័យនៃអាវុធនោះទេ ប៉ុន្តែថែមទាំងពន្លាតការបកស្រាយទៅដល់វត្ថុមួយចំនួនទៀត ដែលត្រូវបានចាត់ទុកដូចអាវុធផងដែរ ។
«តើអាវុធជាអ្វី ហើយវត្ថុអ្វីខ្លះដែលត្រូវបានចាត់ទុកដូចអាវុធ»?
សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «អាវុធ និងវត្ថុដែលត្រូវចាត់ទុកដូចអាវុធ» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ឱ្យបានជ្រាបកាន់តែច្បាស់ដូចតទៅ។
យោងតាមមាត្រា ៨១ កថាខណ្ឌទី១ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា អាវុធត្រូវបានឱ្យនិយមន័យយ៉ាងខ្លីថា «ជាវត្ថុទាំងអស់ដែលធ្វើឡើងដើម្បីសម្លាប់ ឬ ធ្វើឱ្យមានរបួស» ។ បន្ថែមពីនេះ មាត្រា ៣ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ បានចែងថា «អាវុធសំដៅដល់កាំភ្លើងគ្រប់ប្រភេទដែលផលិត ឬ កែច្នៃតម្លើង ដែលអាចប្រើប្រាស់សម្លាប់ ឬ ធ្វើឱ្យរបួស ឬ ធ្វើឱ្យប៉ះពាល់ខូចខាតដល់ទ្រព្យសម្បត្តិ» ។ ផ្អែកតាមច្បាប់ទាំងពីរខាងលើ យើងអាចទាញបានថា អាវុធ គឺសំដៅទៅលើវត្ថុទាំងឡាយណាដែលត្រូវបានផលិត ឬតម្លើងក្រោមកម្មវត្ថុជាក់លាក់ ក្នុងចេតនាបង្ករបួស សម្លាប់ភាវរស់ ឬ បង្កការខូចខាត និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ឧទាហរណ៍ដូចជា កាំភ្លើង ដាវ គ្រឿងផ្ទុះ ឬអាវុធគីមី ជាអាទិ៍ ។
ក្រៅពីវត្ថុខាងលើ មាត្រា ៨១ កថាខណ្ឌទី២ នៃក្រមព្រហ្មទណ្ឌ ក៏បានប្បញ្ញត្តិផងដែរថា «ត្រូវបានចាត់ទុកដូចជាអាវុធ វត្ថុដទៃទៀតដែលអាចធ្វើឱ្យមានគ្រោះថ្នាក់ដល់មនុស្ស នៅក្នុងករណីដូចតទៅ៖
*«១- វត្ថុត្រូវបានប្រើប្រាស់សម្រាប់សម្លាប់ ធ្វើឱ្យរបួស ឬ គំរាមកំហែង»។
ចំពោះចំណុចទី១នេះ មានភាពខុសគ្នាពីកថាខណ្ឌទី១ នៃមាត្រា ៨១ បន្តិចត្រង់ថា កម្មវត្ថុដើមនៃការបង្កើតវត្ថុនេះ គឺមិនមានតាមគោលបំណងក្នុងការបង្កគ្រោះថ្នាក់នោះទេ ប៉ុន្តែជនល្មើសបានប្រើប្រាស់វត្ថុនេះក្នុងគោលបំណងសម្លាប់
ធ្វើឱ្យរបួស ឬ គំរាមកំហែង ដល់អ្នកដទៃ ឬអាចនិយាយបានថាជនល្មើសបានប្រើប្រាស់វត្ថុនេះរួចរាល់ក្នុងការសម្លាប់
ធ្វើឱ្យរបួស ឬ គំរាមកំហែង ។
ឧទាហរណ៍៖ ប៊ិច គឺត្រូវបានទទួលស្គាល់ជាឧបករណ៍ម្យ៉ាងដែលមានចុងមូលមុតស្រួចសម្រាប់សរសេរនៅលើក្រដាស ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃ ប៉ុន្តែក្នុងករណីដែលប៊ិចត្រូវបានប្រើប្រាស់ក្នុងការសម្លាប់ ធ្វើឱ្យរបួស ឬ គំរាមកំហែង ខុសពីកម្មវត្ថុដើម ដូចនេះប៊ិចនឹងត្រូវបានចាត់ទុកដូចជាអាវុធ ។
* «២- វត្ថុមានទីដៅសម្រាប់សម្លាប់ ធ្វើឱ្យមានរបួស ឬ គំរាមកំហែង»។
ចំណែកឯចំណុចទី២នេះ មានលក្ខណៈខុសគ្នាពីចំណុចទី១ខាងលើត្រង់ថា វត្ថុនេះត្រូវបានកែច្នៃឡើង និងដាក់ទីដៅភ្លាមៗ ឬមានការគិតទុកជាមុន សម្រាប់សម្លាប់ ធ្វើឱ្យមានរបួស ឬ គំរាមកំហែង ដល់ជនរងគ្រោះ ។
ឧទាហរណ៍៖ ការកែច្នៃធុងហ្គាសជាអាវុធបំផ្ទុះ ការបំបែកដបទៅជាអាវុធមុខស្រួច ឬ ការដាក់ខ្សែភ្លើងពង្រាយ ដើម្បីឆក់យកជីវិត ជាដើម ។
ពិសេសជាងនេះទៅទៀត មាត្រា ៨១ នៃក្រមព្រហ្មទណ្ឌ ក៏បានប្បញ្ញត្តិបន្ថែមផងដែរថា «ការប្រើប្រាស់សត្វដើម្បីសម្លាប់ ធ្វើឱ្យមានរបួស ឬ គំរាមកំហែង ត្រូវចាត់ទុកដូចមានប្រើប្រាស់អាវុធដែរ»។
ឧទាហរណ៍៖ តើសត្វសុនក(ឆ្កែ) ត្រូវបានចាត់ទុកដូចអាវុធដែរ ឬទេ ?
ចម្លើយ៖ សត្វសុនក(ឆ្កែ) អាចត្រូវបានចាត់ទុកដូចជាអាវុធ ក្នុងករណីដែលត្រូវបានបញ្ជា ឬបង្ហាត់បង្រៀនឱ្យខាំ ឬប្រមាញ់ ក្នុងការប្រើប្រាស់ដើម្បីសម្លាប់ ធ្វើឱ្យមានរបួស ឬ គំរាមកំហែង ។
សរុបសេចក្តីមក ច្បាប់បានកំណត់ និងអនុវត្តយ៉ាងតឹងរឹងចំពោះការប្រើប្រាស់អាវុធ ឬវត្ថុទាំងឡាយណាដែលត្រូវបានចាត់ទុកដូចអាវុធ ដើម្បីជៀសវាងការបង្កចលាចល និងអសន្តិសុខក្នុងសង្គម ។ ម្យ៉ាងទៀត បុគ្គលដែលប្រព្រឹត្តបទល្មើសដែលពាក់ព័ន្ធនឹងអាវុធ ឬ ធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃ ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌ និងផ្តន្ទាទោសតាមច្បាប់កំណត់ ។
រៀបរៀងដោយ៖ កញ្ញា គន្ធ វិជិតា ប្រធានផ្នែកសេវាកម្មច្បាប់ និងកញ្ញា ម៉េង សៀវយី ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕