(បរទេស)៖ អាជ្ញាធរប្រេស៊ីលបានបញ្ឈប់ការសាងសង់រោងចក្រសម្រាប់រថយន្តអគ្គិសនី (EV) យក្សរបស់ចិន BYD ដោយនិយាយថាកម្មកររស់នៅក្នុងលក្ខខណ្ឌប្រៀបធៀបទៅនឹង «ទាសភាព» ឬហៅម្យ៉ាងទៀតថា «ភាពជាខ្ញុំគេ»។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី ២៤ ខែធ្នូឆ្នាំ២០២៤។
យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យរដ្ឋអាជ្ញាការងារសាធារណៈ (MPT) បានឱ្យដឹងថា កម្មករជាង ១៦០នាក់ត្រូវបានជួយសង្គ្រោះនៅក្នុងរដ្ឋ Bahia ភាគឦសាននៃប្រទេសប្រេស៊ីល។
កម្មករទាំងនោះ ត្រូវបានគេប្រទះឃើញថា បានរស់នៅក្នុងភាព «ថោកទាប» និង វេទនា ខណៈដែលលិខិតឆ្លងដែន និងប្រាក់បៀវត្សរ៍របស់ពួកគេត្រូវបានដកហូតដោយម្ចាស់ក្រុមហ៊ុនសាងសង់។
BYD បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុនដែលពាក់ព័ន្ធ ហើយនៅតែបន្តការប្តេជ្ញាចិត្តចំពោះ «ការអនុលោមតាមច្បាប់ពេញលេញជាមួយច្បាប់របស់ប្រទេសប្រេស៊ីល»។
រោងចក្រនេះគ្រោងនឹងដំណើរការនៅខែមីនា ឆ្នាំ ២០២៥ ហើយត្រូវបានកំណត់ថាជារោងចក្រ EV ដំបូងបង្អស់របស់ BYD ដែលមានទីតាំងនៅខាងក្រៅតំបន់អាស៊ី។
យោងតាមសម្ដីរបស់ព្រះរាជអាជ្ញាបានឲ្យដឹងថា កម្មករបានរស់នៅក្នុងស្ថានភាពមួយដែលលំបាក មានកន្លែងខ្លះពួកគេដេកដោយគ្មានពូក បន្ទប់ទឹកមួយប្រើប្រាស់គ្នារហូតដល់ជាង ៣០នាក់ ពួកគេត្រូវបានបង្ខំឲ្យក្រោកតាំងពីព្រលឹមដើម្បីត្រៀមធ្វើការ។
ស្ថានភាពនេះវាបានផ្ទុយពីលក្ខខណ្ឌដូចទាសភាព ដែលបានកំណត់ដោយច្បាប់ប្រេស៊ីល រួមមានការជាប់បំណុល និងការងារដែលបំពានសេចក្តីថ្លៃថ្នូររបស់មនុស្ស។ ក្នុងនោះមានកម្មករជាច្រើនត្រូវបានគេកាត់ប្រាក់ឈ្នួល សម្រាប់ថ្លៃសេវាផ្សេងៗ ដោយមិនបានបញ្ជាក់ច្បាស់ថា វាជាការកាត់ទៅលើអ្វីឲ្យប្រាកដ ពោលគឺបង្ខំតែម្ដង។
BYD បាននិយាយថាកម្មករដែលរងផលប៉ះពាល់ត្រូវបានផ្លាស់ប្តូរទៅសណ្ឋាគារ ហើយខ្លួនបានធ្វើការត្រួតពិនិត្យឡើងវិញទៅលើលក្ខខណ្ឌការងាររបស់និយោជិតជាប់កិច្ចសន្យា និងបានស្នើឲ្យក្រុមហ៊ុនសាងសង់ធ្វើការកែលម្អការរស់នៅរបស់កម្មករ៕