(បរទេស)៖ ក្រុមហ៊ុនបណ្ដាក់ទុនយក្ស SoftBank ត្រូវបានគេរាយការណ៍មកថា បាននិងកំពុងរៀបចំកញ្ចប់ថវិកាប្រមាណ ៤០ពាន់លានដុល្លារអាមេរិក វិនិយោគបន្ថែមលើក្រុមហ៊ុន OpenAI នៅក្នុងរយៈពេល ១២ ទៅ ២៤ខែខាងមុខទៀត។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានឲ្យដឹងថា ទំហំទឹកប្រាក់នេះ នឹងធ្វើឲ្យ SoftBank ក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេបំផុតនៅក្នុងក្រុមហ៊ុន OpenAI ពោលគឺធំជាង Microsoft។

ប្រភពព័ត៌មានច្បាស់ការបានបញ្ជាក់ឲ្យដឹងថា បើសិនជា SoftBank វិនិយោគនូវទឹកប្រាក់ចំនួននេះមែន នោះក្រុមហ៊ុន OpenAI នឹងមានតម្លៃនៅលើទីផ្សារ ៣០០ពាន់លានដុល្លារអាមេរិក ពោលគឺកើនពី ២៦០ពាន់លានដុល្លារអាមេរិក។

ផ្នែកមួយនៃការវិនិយោគនេះគឺនឹងចូលរួមទៅក្នុងគម្រោង Stargate ដែលជាមជ្ឈមណ្ឌលទិន្នន័យ Data Center សម្រាប់ AI ដ៏ធំនៅក្នុងទឹកដីដុល្លារ ដែលមានការសហការរួមគ្នាជាមួយក្រុមហ៊ុន Oracle ក្រោមការផ្ដួចផ្ដើមដោយលោក Donald Trump ៕