(ញ៉ូវដេលី)៖ ក្រុមហ៊ុន Tesla បានជ្រើសយកទីតាំងសម្រាប់កន្លែងតាំងបង្ហាញរថយន្ត (Showroom) ចំនួន២ នៅក្នុងទីក្រុង New Delhi និងទីក្រុង Mumbai ប្រទេសឥណ្ឌា, ដែលនេះគឺជាការខិតកាន់តែជិត ចំពោះការពន្យារពេលដ៏យូររបស់ខ្លួន ក្នុងគម្រោងបើកការលក់រថយន្តអគ្គិសនី នៅក្នុងប្រទេសឥណ្ឌា។ នេះបើតាមការបញ្ជាក់ពីប្រភពដឹងពីផែនការ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្រុមហ៊ុនផលិតរថយន្តអាមេរិកនេះ បានស្វែងរកទីតាំងសម្រាប់កន្លែងតាំងបង្ហាញ ក្នុងប្រទេសឥណ្ឌា តាំងពីចុងឆ្នាំមុន ដើម្បីចាប់ផ្តើមការលក់ នៅក្នុងទីផ្សាររថយន្តធំជាងគេបំផុត លំដាប់ទី៣របស់ពិភពលោកនេះ, បន្ទាប់ពីដាក់ផែនការចូលក្នុងទីផ្សារឥណ្ឌា កាលពីឆ្នាំ២០២២។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានជួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk នៅសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន និងបានពិភាក្សាអំពីបញ្ហានេះ ក្នុងនោះរួមទាំងទីតាំង, ចល័តភាព និងបច្ចេកវិទ្យាផងដែរ។
Tesla បានជ្រើសយកទីតាំងនៅតំបន់ Aerocity ជិតអាកាសយានដ្ឋានអន្តរជាតិ New Delhi សម្រាប់ទីតាំងតាំងបង្ហាញ។ ចំណែកនៅទីក្រុង Mumbai វិញ ក្រុមហ៊ុននេះ បានជ្រើសយកទីតាំងក្នុងមជ្ឈមណ្ឌលអាជីវកម្ម និងលក់រាយ Bandra Kurla Complex ជិតអាកាសយានដ្ឋានរបស់ទីក្រុងផងដែរ។
ពេលវេលានៃការបើកទីតាំងតាំងបង្ហាញនេះ មិនទាន់មានការសម្រេចនៅឡើយទេ, ប៉ុន្តែ Tesla គ្រោងនឹងលក់រថយន្តអគ្គិសនីនាំចូល ក្នុងប្រទេសឥណ្ឌា។ នេះបើតាមប្រភពដឹងពីផែនការ។
លោក Musk បានរិះគន់ឥណ្ឌាជាយូរមកហើយ ចំពោះការយកពន្ធនាំចូលខ្ពស់ ប្រមាណ១០០ភាគរយ លើរថយន្តអគ្គិសនី។ Tesla បានបញ្ចុះបញ្ចូលម្តងហើយម្តងទៀត ឱ្យបន្ធូរបន្ថយពន្ធចំពោះពួកគេ ប៉ុន្តែបានប្រឈមនឹងការតវ៉ាពីក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក ដែលគិតថាការចូលរបស់ Tesla អាចនឹងប៉ះពាល់ដល់ផែនការរថយន្តអគ្គិសនីរបស់ពួកគេ។
ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីសប្តាហ៍មុន បានអំពាវនាវ អំពីការយកពន្ធខ្ពស់របស់ឥណ្ឌា លើរថយន្ត, ប៉ុន្តែបានព្រមព្រៀងជាមួយលោក Modi ដើម្បីធ្វើការឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មដំបូង និងដោះស្រាយការប្រឈមមុខដាក់គ្នាលើពន្ធគយ៕