(បរទេស)៖ អតីតប្រធានផ្នែកបច្ចេកវិទ្យា (CTO) ក្រុមហ៊ុន OpenAI លោកស្រី Mira Murati នៅថ្ងៃអង្គារសប្តាហ៍នេះ បានបើកក្រុមហ៊ុនបញ្ញាសិប្បនិម្មិត្ត AI ផ្ទាល់ខ្លួនដែលមានឈ្មោះថា Thinking Machines Lab ខណៈត្រូវបានគេមើលឃើញថាមានក្រុមអ្នកស្រាវជ្រាវ និងវិស្វករឈានមុខប្រមាណ ៣០នាក់មកពីក្រុមហ៊ុនគូប្រកួតប្រជែងចូលរួមរួមមាន OpenAI, Meta និង Mistral។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្រុមហ៊ុន​ថ្មីនេះ បាននិយាយនៅក្នុងការបង្ហោះប្លុកថា អាជីវកម្ម Startup AI របស់ខ្លួនបង្កើនបង្កើតឡើងក្នុងគោលបំណង ផ្តោតលើការកសាងប្រព័ន្ធ AI ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់យល់ដឹងកាន់តែច្បាស់ជាងមុន, ប្ដូរតាមបំណង (customizable), និងមានសមត្ថភាព។ យ៉ាងណាមិញ បុគ្គលិកនៅក្នុងក្រុមហ៊ុននេះ ត្រូវបានគេកត់សម្គាល់ឃើញថា ២ ភាគ ៣ នៃបុគ្គលិកទាំងអស់គឺ សុទ្ធតែអតីតបុគ្គលិក OpenAI រួមទាំង លោក Barret Zoph ជាអតីតអ្នកស្រាវជ្រាវដ៏លេចធ្លោនៅ​ OpenAI និងលោក John Schulman អតីតសហស្ថាបនិក​ OpenAI។

ទាំងនេះ បង្ហាញពីសមត្ថភាពរបស់លោកស្រី Murati ដែលជា​ប្រធានផ្នែកបច្ចេកវិទ្យាយូរឆ្នាំនៅ OpenAI​ ក្នុងការទាក់ទាញអ្នកមានទេពកោសល្យកំពូលពី OpenAI ដោយបង្ហាញពីឥទ្ធិពល និងកេរ្តិ៍ឈ្មោះរបស់នាងនៅក្នុងសហគមន៍ AI។

គួរជម្រាបថា លោកស្រី Murati បានចូលរួមជាមួយ OpenAI ក្នុងខែមិថុនា ឆ្នាំ ២០១៨ ដោយបានដឹកនាំការអភិវឌ្ឍន៍ ChatGPT ហើយជាញឹកញាប់បង្ហាញខ្លួនជាមួយ CEO លោក Sam Altman ជាមុខមាត់សាធារណៈរបស់ក្រុមហ៊ុន៕